ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងថ្នាំជក់
គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុវត្តគោលការណ៍«កីឡាគ្មានថ្នាំជក់» ដើម្បីបន្តរក្សាវប្បធម៌កីឡាគ្មានថ្នាំជក់នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ ក៏ដូចជាដើម្បីអនុវត្តតាមច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា។
ស្របទៅតាមគោលការណ៍ខាងលើនេះ ការប្រើប្រាស់ ការលក់ចែកចាយ និងផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ បារីអេឡិកត្រូនិក និងផលិតផលអេចឈ៍ ធី ភី(HTPs) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានកីឡា និងតំបន់ស្នាក់នៅ ហូបចុករបស់ប្រតិភូកីឡាត្រូវបានហាមឃាត់។ ជាមួយគ្នានេះ នឹងពុំមានការទទួលឧបត្ថម្ភរបស់ក្រុមហ៊ុនថ្នាំជក់ ឬបារីក្នុងគោលបំណងណាក៏ដោយ។
យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថាចាប់ពីឆ្នាំ២០០៣មក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់។ ប្រទេសវៀតណាម បានក្លាយជាប្រទេសទី១ ដែលបានសម្រេចជោគជ័យព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ នៅឆ្នាំ២០០៣។
ដោយឡែក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ៕