| |

សម្ដេច ហ៊ុន សែន៖ «សូមបញ្ឈប់វប្បធម៌ឡាំប៉ាមុនការបោះឆ្នោត »


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ក្នុងនោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដទៃទៀត ដែលបានចូលរួមចំណែកដ៏ធំធេង ក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះផងដែរ សម្ដេច ក៏បានលើកឡើងពីបញ្ហាការវាយប្រហារមកលើគណៈបក្សប្រជាជន ដោយគណៈបក្សប្រឆាំងនាពេលកន្លងមក។ សម្ដេច បានមានប្រសាសន៍ថា គណៈបក្សប្រជាជន មិនអាចទ្រាំឱ្យគេចោទប្រកាន់ថាជាចោរអស់មួយជីវិតនោះទេ។ ដូចនេះ សូមធ្វើនយោបាយដោយភាពថ្លៃថ្នូរ និងត្រូវបញ្ឈប់វប្បធម៌ឡាំប៉ាមុនការបោះឆ្នោត។

សម្ដេច បានព្រមានថា ប្រសិនបើនៅតែបន្តធ្វើការវាយប្រហារម្ដងហើយ ម្ដងទៀត លើគណៈបក្សប្រជាជន គណៈបក្សប្រជាជននឹងប្រើសិទ្ធិដើម្បីការពារខ្លួន ក្នុងករណីចាំបាច់ ដោយប្រើផ្លូវច្បាប់។ ជាមួយគ្នានេះ សម្ដេច ក៏បានបញ្ជាក់ថា ចង់ឱ្យបរិយាកាសបោះឆ្នោតប្រកបដោយអព្យាក្រឹត និងសុខសាន្ត ទាល់តែមានការរួមចំណែកពីគ្រប់គណៈបក្ស មិនមែនតែគណៈបក្សប្រជាជនកម្ពុជានោះទេ៕

រូបភាព: ក្រសួងព័ត៌មាន