នគរបាលកម្ពុជា និងវៀតណាម ឃាត់ខ្លួនឧក្រិដ្ឋជនដែលធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនរាប់តោនចូលប្រទេសវៀតណានៅព្រំដែន ខណៈឧក្រិដ្ឋជនជាច្រើនទៀតត្រូវបានគេដឹងថា កំពុងលាក់ខ្លួននៅកម្ពុជា
យោងតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និសីទលើកទី៣ រវាងកងកម្លាំងនគរបាលវៀតណាម និងកម្ពុជា ប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើការប្រយុទ្ធគ្នាបាននាំឱ្យមានករណីជាង ២.០០០ ត្រូវបានដោះស្រាយ និងមានការចាប់ខ្លួនជាង ៣.០០០ នាក់មកហើយអំឡុងឆ្នាំ ២០២២។
ដោយឡែកថ្មីៗនេះ នគរបាលកម្ពុជា និងវៀតណាម បានបិទសំណុំរឿងធំៗចំនួន ៤ និង ឃាត់ខ្លួនឧក្រិដ្ឋជនគ្រោះថ្នាក់ពីរនាក់ ដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាច្រើនកន្លែង ឆ្លងព្រំដែន។ ការស៊ើបអង្កេតបឋមបង្ហាញថា ពួកគេបានដឹកជញ្ជូនគ្រឿងញៀនរាប់តោនចូលប្រទេសវៀតណាម។
នាយឧត្តមសេនីយ៍ ង្វៀន វ៉ាន់វៀន ប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតគ្រឿងញៀន ហៅកាត់ថា C04 (ក្រោមក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម) បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា «ប្រសិនបើពុំមានការសម្របសម្រួលដោយរលូនរវាងភាគីទាំងពីរ និងការប្តេជ្ញាចិត្តរបស់ អាជ្ញាធរកម្ពុជា ការចាប់ខ្លួនឧក្រិដ្ឋជនទាំងនេះនឹងជាការពិបាកខ្លាំងណាស់»។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៏ទោ ឃឹង សារ៉ាត់ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន (ក្រោមក្រសួងមហាផ្ទៃ) មានប្រសាសន៍ថា ការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំងពីរនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានមានប្រសិទ្ធភាព ដែលបានរួមចំណែកដល់ប្រតិបត្តិការប្រកបដោយជោគជ័យរបស់អាជ្ញាធរកម្ពុជា។
លោកបានបន្ថែមថា កម្ពុជានឹងបន្តពន្លឿនការស៊ើបអង្កេតលើករណីធំៗ ដើម្បីស្វែងរកមេក្លោងដែលនៅពីក្រោយវង់គ្រឿងញៀន ព្រមជាមួយនិងការពង្រីកប្រតិបត្តិការទាក់ទងនឹងការលាងលុយ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនេះផងដែរ។
នាយឧត្តមសេនីយ៍ Nguyễn Văn Viện បានឲ្យដឹងថា កងកម្លាំងនគរបាលទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មានតាមរយៈបណ្តាញទូរស័ព្ទបន្ទាន់ដែលបានបង្កើតឡើង និងការិយាល័យទំនាក់ទំនងព្រំដែន (BLO)។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលទាំងពីរ ក៏នឹងបន្តសហការគ្នាឱ្យកាន់តែប្រសើរថែមទៀត ជុំវិញសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀននេះ។ លោកបន្តថា នៅមានឧក្រិដ្ឋជនប្រមាណ ១៦ នាក់ទៀតដែលត្រូវបានគេសង្ស័យថាកំពុងលាក់ខ្លួននៅកម្ពុជា។
ទាក់ទិននឹងស្ថានការណ៍នៅទីក្រុងហូជីមិញ នាយករង C04 លោកវរសេនីយ៍ឯក Hoàng Tâm Hiếu បាននិយាយថា គ្រឿងញៀនភាគច្រើនមានប្រភពមកពី “ត្រីកោណមាស” ដែលជាតំបន់ព្រំដែនរវាងប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ឆ្លងកាត់ប្រទេសកម្ពុជា និងចូលប្រទេសវៀតណាម។
យ៉ាងណាមិញ ការនាំចូលមួយចំនួនត្រូវបានប្រើប្រាស់ក្នុងប្រទេសវៀតណាម ដែលទីក្រុងហូជីមិញជាទីផ្សារដ៏ធំ ខណៈដែលនៅសល់ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់។ ដោយឡែក ថ្មីៗនេះ ទីក្រុងហូជីមិញបានកត់ត្រាករណីជាច្រើនដែលជនបរទេសចូលមកវៀតណាមតាមរយៈ វិស័យទេសចរណ៍ ឬអាជីវកម្ម ហើយភ្ជាប់ជាមួយការជួញដូរគ្រឿងញៀន និងបង្កើតក្រុមហ៊ុនខាងមុខសម្រាប់ការជួញដូរគ្រឿងញៀនខុសច្បាប់៕
ប្រភព៖ Vietnam Net