ត្រៀមខោអាវក្រាស់ៗ! កម្ពុជានឹងចុះត្រជាក់ដល់១៥អង្សា នៅតំបន់មួយចំនួនចាប់ពីថ្ងៃទី….


ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ស្ដីពីស្ថានភាពអាកាសធាតុបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ កម្ពុជានឹងចុះត្រជាក់ក្នុងកម្រិតបង្គួរ ដែលមានសីតុណ្ហភាពអប្បបរមា១៥-១៩អង្សា សម្រាប់តំបន់ខ្ពង់រាប និងមានសីតុណ្ហភាពអតិបរមា ២៨-៣២ អង្សា។ សម្រាប់ខេត្តមណ្ឌលគិរី រតនៈគិរី ខេត្តព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ ១៥-១៧ អង្សា។

នៅតំបន់ទំនាបកណ្ដាលវិញ សីតុណ្ហភាពអប្បបរមា មានពី១៨-២២អង្សា សីតុណ្ហភាពអតិបរមា មានពី២៨-៣២ ចុះត្រជាក់ក្នុងកម្រិតមធ្យម។ ដោយឡែក នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សា និងសីតុណ្ហភាពអតិបរមា មានពី២៩-៣២ អង្សា អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ការចុះត្រជាក់នេះ គឺបណ្ដាលមកពីការទទួលរងនូវឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) ក្នុងកម្រិតបង្គួរ និងខ្យល់មូសុង ឦសានក្នុងកម្រិតមធ្យម៕