ថ្លែងក្នុងសន្និសីទព័ត៌មានរួមគ្នានៃកិច្ចប្រជុំអាស៊ាន-អឺរ៉ុប សម្ដេច ហ៊ុន សែន បានលើកឡើងថា៖ «អាស៊ាន មិនមែនគ្រាន់ជាកន្លែងរង់ចាំតែទទួលជំនួយពីអឺរ៉ុបនោះទេ»
នៅក្នុងសន្និសីទរួមគ្នានៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់នៃភាពជាដៃគូរវាងអាស៊ាន-សហភាពអឺរ៉ុប ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ស្របពេលជាមួយការវិវត្តស្ថានភាពដ៏គួរឱ្យព្រួយបារម្ភ និងផុយស្រួយ ដែលពិភពលោកទាំងមូលប្រឈមទៅនឹងការសាកល្បងដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក។
ដូច្នេះ អ្វីដែលជាលទ្ធផល និងការរំពឹងទុកក្នុងជំនួបកំពូលរវាងភាគីដ៏មានឥទ្ធិពលទាំងពីរ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ដែលសម្ដេច បានបញ្ជាក់ថាតំបន់ទាំងពីរគប្បីធ្វើកិច្ចការងារនេះ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន សម្ដេចបានបញ្ជាក់ក្នុងសន្និសីទនាឱកាសនេះថា អាស៊ាន មិនមែនគ្រាន់ជាកន្លែងរង់ចាំតែទទួលជំនួយពីអឺរ៉ុបនោះទេ ប៉ុន្តែត្រូវឃើញនូវការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចតំបន់ទាំងពីរ។ ស្ថិតក្នុងស្ថានភាពនេះហើយ ដែលអាស៊ាន និងអឺរ៉ុប បានឯកភាពគ្នា ដើម្បីបង្កើតឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ «យើងពិតជាមិនចង់ឱ្យប្រជាជនរបស់យើងនៅតែក្ររហូត ហើយរង់ចាំភាពអនុគ្រោះអំពីអឺរ៉ុបនោះទេ យើងត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលពិតប្រាកដ»។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អឺរ៉ុបនេះដែរ សម្ដេចបានធ្វើការបញ្ជាក់ថា យើងមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះឡើយ។ យើងមិនអាចផ្អែកទៅលើស្ថានភាពមីយ៉ាន់ម៉ា ឬប្រទសណាមួយ ហើយបែរជារំខានដល់កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះទេ។
អាស៊ាន និងសហភាពអឺរ៉ុប មានចម្ងាយឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែមានចំណុចរួមមួយ គឺតម្រង់ទៅរកគោលដៅនៃការផ្សារភ្ជាប់រវាងតំបន់ទាំងពីរ ហើយជាសេដ្ឋកិច្ចបំពេញឱ្យគ្នា ហើយចំណុចនេះ ជាចំណុចដាស់តឿនអាស៊ានរបស់យើងឱ្យខិតខំប្រឹងប្រែង ដើម្បីងើបឈរឡើងធ្វើជាដៃគូរស្មើភាព និងស្មើសិទ្ធិជាមួយនឹងសហភាពអឺរ៉ុប៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister