អភិបាលរាជធានីបាងកក កោតសរសើរឯកឧត្តម នួន ផារ័ត្ន ថាជាអ្នកគ្រប់គ្រងជំនាន់ថ្មី ដែលទទួលការអប់រំបានល្អ និងជាគណៈអភិបាលដែលយល់ពីគោលគំនិតនៃផែនការទីក្រុងបានយ៉ាងច្បាស់
កាលពីថ្ងៃទី២-៣ ធ្នូ ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃវេទិការអភិបាលក្រុងអាស៊ាន( ASEAN Mayors Forum ) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ( Meeting of Governors / Mayors of ASEAN Capitals ) AMF ឆ្នាំ២០២២ នៅឯសណ្ឋាគារសុខា រាជធានីភ្នំពេញ។
តាមរយៈជំនួបប្រជុំពិភាក្សា មានការអញ្ជើញចូលរួមពីអភិបាលរាជនី-ក្រុង នៃបណ្ដាប្រទេសជាសមាជិកអាស៊ានជាច្រើនប្រទេស។ ក្នុងនោះលោក Chatchart Sittiphunt អភិបាលរាជធានីបាងកក ដែលមានវត្តមានក្នងកិច្ចប្រជុំនេះ បានកត់សម្គាល់យ៉ាងខ្លាំង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក Chatchart មានឱកាសបានជួបសំណេះសំណាលជាមួយនឹង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ។ អ្វីដែលគួរកត់សម្គាល់នោះ លោក បានកោតសរសើរឯកឧត្តម នួន ផារ័ត្ន ថាជាយុវជនជំនាន់ថ្មីដែលទទួលការអប់រំបានយ៉ាងល្អ និងជាគណៈអភិបាលដែលយល់ពីគោលគំនិតនៃផែនការទីក្រុងបានយ៉ាងច្បាស់។ លោកបន្តថា ដោយសារការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃទីក្រុង យើងត្រូវមានចំណេះដឹង រួមទាំងជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើការជាមួយគ្នា។ ហើយអ្វីទាំងនេះ ត្រូវពឹងលើសមត្ថភាពយុវជនជំនាន់ថ្មី ជាក់ស្ដែងយុវជនដែលមានសមត្ថភាពដូចជា ឯកឧត្តម នួន ផារ័ត្នជាដើម។
អភិបាលរាជធានីបាងកក ក៏បានលើកសរសើរពីភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស ដែលឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ បានជជែកអំពីបញ្ហាប្រឈមក្នុងទីក្រុង ដែលស្រដៀងគ្នានឹងទីក្រុងបាងកកដែរដូចជា ការកកស្ទះចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធចាស់ផ្សេង។ នេះបើយោងតាមសារព័ត៌មានថៃ Prachachart បានចុះផ្សាយក្រោយកិច្ចប្រជុំបានបញ្ចប់។