|

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមកក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន(ASEAN Mayors Forum)និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(Meeting of Governors/ Mayors of ASEAN Capitals) AMF ឆ្នាំ២០២២


នាព្រឹកថ្ងៃទី០២ ធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណអភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន(ASEAN Mayors Forum)និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/ Mayors of ASEAN Capitals) AMF ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទ«ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាពប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី»។ ជាមួយមួយគ្នានេះ កិច្ចពិភាក្សាមានគោលបំណងរួមគ្នា ផ្លាស់ប្ដូរបទពិសោធន៍ និងយុទ្ធសាស្ត្រនានា ដើម្បីផ្ដល់ជាធាតុចូលសម្រាប់ការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ានឲ្យកាន់តែខ្លាំង ក្នុងការកសាង និងតភ្ជាប់ទីក្រុងអាស៊ានឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

សូមជម្រាបថា រាជធានីភ្នំពេញគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និង វេទិកា អភិបាលក្រុង អាស៊ាន ឆ្នាំ ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល ២ ថ្ងៃនោះ គឺ ថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២ ។ កិច្ចប្រជុំ និងវេទិកានេះ គឺមានការចូលរួមពីតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ ទីក្រុងក្នុង តំបន់អាស៊ាន និងក្រៅអាស៊ានមានជាង ៣០ ទីក្រុងធំៗចូលរួមផងដែរ ៕