សម្ដេច ហ៊ុន សែន: «ប្រជាធិបតេយ្យមិនអាចដំណើរការបានក្រោមគ្រាប់កាំភ្លើងនោះទេ ដូចនេះត្រូវរក្សាសន្តិភាពឱ្យបាន»
នាព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញអបអរសាទរក្នុងខួបទី១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea (Cambodia)។
មីនេបៀ ជាក្រុមហ៊ុនដែលមានមូលដ្ឋានដ៏ធំនៅប្រទេសថៃ បន្ទាប់មកក៏ចាប់ផ្ដើមពង្រីកសាខាមកកាន់ប្រទេសកម្ពុជា ដោយចាប់ផ្ដើមពីដើមទុន៣២លានដុល្លា កម្មករជាង១០០០នាក់ ឡើងដល់ដើមទុនជាង៦០០លានដុល្លា និងកម្មករជាង៦០០០នាក់។
ថ្លែងប្រសាសន៍នាកាសនេះ សម្ដេច បានរំលេចឡើងថា កត្តាដែលមីនេបៀអាចនៅកម្ពុជាបាន កត្តាទីមួយគឺទាក់ទងនឹងសន្តិភាព ស្ថិរភាពនយោបាយ។ នេះជាចំណុចដ៏សំខាន់ ព្រោះក្រុមហ៊ុននានា ពិតជាមិនអាចដំណើរការបានទេ ប្រសិនបើប្រទេសនេះមានសង្រ្គាម និងគ្មានស្ដិរភាពនយោបាយ។ សន្តិភាព ជាកត្តាកំណត់ឱ្យមានអ្វីៗនៅពីក្រោយ ដូចជាសិទ្ធរស់រានមានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិខាងនយោបាយ រហូតដល់ដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ពោលគឺអ្វីៗទាំងនេះ មិនអាចធ្វើបានក្រោមគ្រាប់កាំភ្លើងនោះទេ។ ដូច្នេះ ហើយត្រូវតែរក្សាសន្តិភាពឱ្យបាន កុំចាំបាច់បាត់បង់សន្តិភាពហើយ ទើបស្រែករកសន្តិភាព។
សម្ដេច បានបន្តថា ភាពជោគជ័យដែលក្រុមហ៊ុននានាអាចសម្រេចបាន គឺបានមកពីការលើកទឹកចិត្ត ការធានាអះអាងទៅលើបញ្ហាសន្តិភាព និងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងតម្លៃអគ្គិសនី។ ចំណុចនេះ អាចនឹងធ្វើឲ្យអ្នកវិនិយោគត្រូវធ្វើការគិតឡើងវិញអំពីការវិនិយោគនៅកម្ពុជា បន្ទាប់ពីប្រទេសជិតខាងមួយចំនួន។
គួរបញ្ជាក់ផងដែរថា ក្រៅពីការរក្សានូវបណ្ដាក្រុមហ៊ុនដែលកំពុងមានស្រាប់ កម្ពុជាយើងក៏បាននឹងកំពុងទាក់ទាញក្រុមហ៊ុនថ្មីៗមកបណ្ដាក់ទុនជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីជំនួបរវាងសម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន កាលពីពេលកន្លងទៅ ជប៉ុនបានស្នើឱ្យកម្ពុជាគាំទ្រគម្រោងសង់រោងចក្រតំឡើងរថយន្តTOYOTAនៅកម្ពុជា។ ដូចនេះ នាពេលខាងមុខ យើងនឹងមានរោងចក្រតំឡើងរថយន្តដ៏ធំ ដែលជាការវិនិយោគពីប្រទេសជប៉ុន ដោយភាគីទាំងពីរបានរក្សាទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ ក្នុងនាមប្រទេសជាមិត្ត ហើយប្រែក្លាយពីប្រទេសជាដៃគូយុទ្ធសាស្ត្រ ទៅជាប្រទេសជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
ដោយ Phat koemchhe
ប្រភព Samdech Hun Sen, Cambodian Prime Minister