|

«កីឡា រួមចំណែកដល់ការបង្កើតមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ»


ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១កាលពីម្សិលមិញនេះ​ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលបានរៀបចំឡើង ដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស ផ្ដល់ឱកាសឱ្យអត្តពលិកបានចូលរួមប្រកួត ក្នុងការវាស់ស្ទង់គុណផលកីឡា ផ្ដល់ឱកាសឱ្យគណៈកម្មការរៀបចំការប្រកួតបានរៀបចំ​ ដើម្បីក្រេបយកបទពិសោធន៍ក្នុងការត្រៀមខ្លួនទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ការប្រកួតកម្រិតអន្តរជាតិដ៏ធំនេះ គឺជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀត​ក្នុងវិស័យកីឡា ដែលកម្ពុជាបានរង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល៦៤ឆ្នាំមកហើយ។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលព្រឹត្តិការណ៍កីឡានេះ រួមចំណែកដល់ការបង្កើតមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍កីឡាផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបច្ចេកទេស និងបទពិសោធន៍ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រលាញ់គាំទ្រ វិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

សម្ដេចបានបន្តថា កីឡារួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពមាំមួន និងលើកកម្ពស់សុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយភាពធន់ និងចីរភាព ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១នេះ ចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៩ និងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ៕

ដោយ៖ Phat koemchhe
ប្រភព៖ MoEYS Cambodia