សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «វិស័យឯកជន មានតួនាទីសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លា»
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
ក្នុងឱកាសដ៏វិសេសនេះ សម្ដេចបានមានប្រសាសន៍ថា ជិតបីឆ្នាំមកនេះអាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្ដួចផ្ដើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច និងជាពិសេសបានដាក់ចេញនូវ «ក្របខណ្ឌស្ដារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងនិវិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្ដារឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩។
ទោះបីជាវិបត្តិកូវីដ-១៩ ជាសាកលកំពុងស្រាកស្រាន្តគួរឱ្យកត់សម្គាល់ ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី។ ក្នុងស្មារតីនេះ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងនានាទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះនិន្នាការធុរកិច្ច និងការវិនិយោគនាពេលបច្ចុប្បន្ន។ ជាក់ស្ដែង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់អាស៊ានដោយយើងបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងពិពិធកម្មទីផ្សារតំបន់អាស៊ាន។
តាមរយៈការសម្រេចបាននូវការស្ដារកំណើនសេដ្ឋកិច្ច ក៏ដូចជាការបើកដំណើរការសកម្មភាព សង្គម សេដ្ឋកិច្ច ឡើងវិញក្នុងតំបន់នាពេលកន្លងមក សម្ដេច បានធ្វើការបញ្ជាក់ថា វិស័យឯកជនបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យមានផលប៉ះពាល់ជាវិជ្ជមាននេះ។
ក្នុងបរិការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ វិស័យឯកជនមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ដូចជា៖ ការជំរុញសកម្មភាពសេដ្ឋកិច្ច ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និងការជំរុញឌីជីថលភាវូបនីយកម្ម និងការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្ដារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។
ក្នុងនាមជាប្រធានអាស៊ានប្ដូរវេននាឆ្នាំនេះ កម្ពុជាក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និងប្រកាសស្វាគមន៍រាល់ការធ្វើធុរកិច្ច និងវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្ដាភាគីផងដែរ៕
ដោយ៖ Phat Koemchhe
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister