ក្នុងជំនួបតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា​ អ៊ុយក្រែនធានាថា ខ្លួននឹងនៅតែជាអ្នកអ្នកធានាសន្តិសុខស្បៀងសម្រាប់បណ្ដាអាស៊ានទាំងអស់


នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានមានជំនួបតាមប្រព័ន្ធទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេច ហ៊ុន សែន បានសម្ដែងក្ដីសោមនស្សរីករាយដែលបានជួបតាមប្រព័ន្ធទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី។ ជាមួយគ្នានេះ កម្ពុជាក៏បានសម្ដែងការសោកស្ដាយចំពោះសោកនាដកម្ម ដែលកំពុងកើតឡើងនៅអ៊ុយក្រែនផងដែរ។

ពាក់ព័ន្ធជាមួយបញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរូស្សី កម្ពុជាបានលើកឡើងអំពីក្ដីបារម្ភចំពោះការវាយប្រហារថ្មីៗនេះទៅលើទីក្រុងកៀវ និងក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែន ដែលបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជន និងរបួសជាច្រើននាក់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ បណ្ដាលឱ្យមានវិបត្តិថាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណា កើតឡើងនៅទូទាំងសាកលលោក។

យ៉ាងណាមិញ តាមរយៈកិច្ចសន្ទនានេះ ប្រធានាធិបតី Volodymyr Zelensky បានថ្លែងអំណរគុណដល់កម្ពុជា ដែលជាប្រធានអាស៊ាន សម្រាប់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការដែលកម្ពុជាចូលជាសហស្ថាបនិកសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ 

ជាមួយគ្នានេះ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ប្រធានាធិបតីរូបនេះក៏បានធានាថា អ៊ុយក្រែន នឹងនៅតែជាអ្នកធានាសន្តិសុខស្បៀង សម្រាប់បណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)»ដដែល​ បើទោះបីជាភ្លើងសង្រ្គាមនៅតែបន្តអូសបន្លាយពេលក៏ដោយ។

គួរបញ្ជាក់ផងដែរថា កម្ពុជាគ្រោងនឹងស្នើឱ្យប្រើប្រាស់កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចចរចាររវាងប្រទេសរុស្សី និងអ៊ុយក្រែនផងដែរ ប្រសិនបើមានការឯកភាពពីភាគីទាំងសងខាង ក្រោមហេតុផលថា កម្ពុជាផ្ដល់សារៈសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិភាព ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់សង្រ្គាម នាំមកវិញនូវសុខសន្តិភាព​ ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍ៕

ដោយ៖​ Phat koemchhe
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister, UKRINFORM