យ៉ាងហោចណាស់មានមនុស្ស១៤៩នាក់បានស្លាប់នៅប្រទេសកូរ៉េដោយសារការកកកុញគ្នាក្នុងពិធីបុណ្យ Halloween ដែលស្រដៀងគ្នានឹងព្រឹត្តិការណ៍នៅកោះពេជ្រ
ឧបទ្ទវហេតុដ៏រន្ធត់មួយ បានកើតឡើងក្នុងរដ្ឋធានីសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូង ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់មនុស្ស ១៤៩ នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស។ ចំពោះមូលហេតុនៃសោកនាដកម្មនេះ អាជ្ញាធរបានឱ្យដឹងថា បណ្ដាលមកពីការគាំងបេះដូង និងពិបាកដកដង្ហើម។
កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ មនុស្សប្រុសស្រី ជាពិសេសគឺក្មេងជំទង់ បានប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅក្លឹមរាត្រីដ៏ពេញនិយមរបស់សេអ៊ូល ដើម្បីលេងសប្បាយក្នុងឱកាសបុណ្យ Halloween។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅតាមផ្លូវមានលក្ខណៈតូចចង្អៀត តែមានមនុស្សច្រើន ទើបធ្វើឱ្យកើតមានទិដ្ឋភាពដ៏ច្របូកច្របល់ ចលាចលនៅលើផ្លូវរកកន្លែងចេញមិនបាន ទើបធ្វើឱ្យអ្នកទាំងនោះពិបាកដកដង្ហើម។ ដោយឡែក ចំពោះមូលហេតុយ៉ាងណាពិតប្រាកដ គេនៅមិនទាន់ច្បាស់នៅឡើយទេ។
ទិដ្ឋភាពមនុស្សស្លាប់នៅតាមដងផ្លូវ ដោយសារការកកស្ទះនៃហ្វូងមនុស្សដែលប្រជ្រៀតគ្នាដើម្បីការសប្បាយ ធ្វើឱ្យយើងនឹកដល់ព្រឹត្តិការណ៍ដ៏រន្ធត់មួយនៅកម្ពុជា ក្នុងអំឡុងពេលបុណ្យអុំទូកកាលពី១០ឆ្នាំមុន។ កាលនោះ មានមនុស្ស៣៥០បានស្លាប់ និងរាប់រយនាក់ទៀតបានរងរបួស ក្រោមមូលហេតុស្រដៀងគ្នានេះ គឺការប្រជ្រៀតគ្នា ហ៊ោកញ្រ្ជៀវ រុញច្រានគ្នា បណ្ដាលឱ្យផ្ទប់ណែននៅលើស្ពានរើដល់កម្រិតមួយរើខ្លួនលែងរួច ហើយក៏ដួលទាន់គ្នាស្អិតទាញលែងចេញគួរឱ្យសោកសង្រេងក្រៃលែង។
គួរបញ្ជាក់ថា ចំពោះប្រទេសកូរ៉េខាងត្បូងនេះជាលើកទី១ហើយសម្រាប់ការប្រារព្ធពិធីបុណ្យ Halloween ដ៏ធំលើកដំបូងបន្ទាប់ពីមានការបន្ធូរបន្ថយការរឹតត្បិតដោយសារកូវីដ-១៩។ យ៉ាងណាមិញ ភាពសប្បាយរីករាយនេះបានក្លាយទៅជាសោកនាដកម្មសម្លាប់អាយុជីវិតមនុស្សអស់ជាច្រើននាក់ ខណៈដែលជនរងគ្រោះ និងអ្នកស្លាប់មួយចំនួនធំ គេនៅមិនទាន់កំណត់អត្តសញ្ញាណច្បាស់នៅឡើយ៕
ដោយ៖ Phat Koemchhe