|

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកទង្វើ លោក​ សម រង្ស៊ី ថាមិនត្រឹមតែបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឱ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង


កាលពីពេលថ្មីៗនេះ នៅលើវេទិកាសាធារណៈមួយនៅក្រៅប្រទេស លោក សម រង្ស៊ី បានប្រើភាសាប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ដល់ព្រះចេស្ដាព្រះករុណា សម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជនខ្មែរ ដោយចោទថា ព្រះអង្គ​ គឺជាជនក្បត់ជាតិ និងគ្មានមនសិការជាតិ។

ឆ្លើយតបទៅនឹងទង្វី ដែលបង្ហាញពីការជាន់ឈ្លីរាជបល្ល័ង្គ និងព្រះមហាក្សត្ររបស់កម្ពុជាដូចនេះ ឯកឧត្តម ហ៊ុន ម៉ានី បានចេញជាសារមួយ ដែលលើកឡើងថា «ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ  ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិ ប្រមាថដ៏ធ្ងន់ធ្ងរបំផុត របស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសម្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ។

ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិ របស់ទណ្ឌិតម្នាក់នេះ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទង្វើនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឱ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង»។

ឯកឧត្តម ព្រមទាំងបានស្នើឱ្យ លោក សម រង្ស៊ី បញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់  និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋដែលកំពុងរួមរស់យ៉ាងសុខសាន្ត ក្នុងសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថាការធ្វើនយោបាយរបៀបលោកនេះហើយដែលធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់មុខមាត់  និងផលប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ៕

ដោយ៖ Phat Koemchhe
ប្រភព៖ Hun many