|

សម្តេចតេជោនាយករដ្ឋមន្ត្រី៖ ការធ្វើកសិកម្មមិនត្រូវធ្វើតាមបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប


ថ្លែងប្រសាសន៍ក្នុងពិធីធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រពូជ នៅព្រលានយន្តហោះខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានលើកឡើងថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ។

សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ គ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។

លើសពីនេះ បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត១៦.២១៩ ហិកតា។

ក្នុងឱកាសនេះ សម្ដេចក៏បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស: ហើយសម្តេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាបន្តទៀត។ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពលរដ្ឋមានទុក្ខលំបាកគណបក្សប្រជាជនកម្ពុជា តែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋពេលវេលា៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister