ហេតុអ្វីចំនួនស្ត្រីមានតិចតួច ក្នុងតួនាទីជាអ្នកដឹកនាំអាស៊ានជាន់ខ្ពស់?


ចំនួនស្ត្រី ដែលកាន់មុខតំណែងជាអ្នកគ្រប់គ្រងនៅទូទាំងតំបន់អាស៊ានបានកើនឡើងត្រឹមតែ២ ភាគរយប៉ុណ្ណោះក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ បើយោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញថាចំណែករបស់ស្ត្រីនៅក្នុងតួនាទីបែបនេះ នៅតែមានវិសមភាព។

តាមទិន្នន័យ អំពីភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងតំបន់អាស៊ានបានបង្ហាញថា មានអ្នកគ្រប់គ្រងជាស្ត្រីត្រឹមតែ ៤១% ប៉ុណ្ណោះនៅទូទាំងតំបន់អាស៊ាន ដែលខ្ពស់ជាងបន្តិច ធៀបទៅកាលពីឆ្នាំ២០០០ ដែលមាន៣៩% ។ ដោយឡែក ចំនួនស្ត្រីនៅក្នុងមុខតំណែងជាអ្នកគ្រប់គ្រងថ្នាក់កណ្តាល និងជាន់ខ្ពស់គឺមានចំនួន២៦% ភាគរយតែប៉ុណ្ណោះ។

ក្នុងតំបន់អាស៊ាន មានការទទួលស្គាល់តួនាទីស្ត្រីកាន់តែខ្លាំងឡើងក្នុងនាមជាអ្នកដឹកនាំ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការបង្កើនល្បឿនផលិតភាព ការលើកកម្ពស់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការបង្កើតការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

UN Women បាននិយាយថា សមាជិកអាស៊ានចាំបាច់ត្រូវ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីកែតម្រូវតំណាងដ៏ស្ដួចស្ដើងរបស់ស្ត្រីនៅក្នុងមុខតំណែងជាអ្នកដឹកនាំនៅទូទាំងវិស័យជាច្រើនក្នុងសង្គម។ ជាមួយគ្នានេះ Sarah Knibbs នាយកនៃ UN Women ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ក្នុងការមានវត្តមានរបស់ស្ត្រីកាន់តែច្រើន ក្នុងភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ការស្តារឡើងវិញដោយសមធម៌បន្ថែមទៀតពីជំងឺរាតត្បាត។ ជាក់ស្ដែង ក្នុងអំឡុងពេលទទួលរងនូវផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ មានការទទួលស្គាល់កាន់តែខ្លាំងឡើងអំពីតួនាទីសំខាន់របស់ស្ត្រីក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ។

របាយការណ៍នេះត្រូវបានសហការសរសេរដោយ UN Women និងរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន។  នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជា លោកស្រី អ៊ឹង កន្ថាផាវី បានចង្អុលបង្ហាញថា សមភាពយេនឌ័រ គឺជាការវិនិយោគដ៏ឆ្លាតវៃ។

លោកស្រី បានមានប្រសាសន៍ថា «តំណែងជាអ្នកដឹកនាំ និងអំណាចធ្វើសេចក្តីសម្រេចចិត្តសម្រាប់ស្ត្រីមានសារៈសំខាន់ណាស់ ដើម្បីធានាថាសំឡេងរបស់ពួកគេត្រូវបានស្តាប់ ហើយតួនាទីរបស់ពួកគេត្រូវបានទទួលស្គាល់ និងប្រើប្រាស់ទាំងក្នុងវិស័យសាធារណៈ និងឯកជនរបស់អាស៊ាន»។

UN Women បាននិយាយថា កិច្ចប្រជុំកំពូលស្ត្រីមេដឹកនាំអាស៊ាននាពេលខាងមុខ កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC គួរតែពិចារណាលើចំណុចនេះ៕

ប្រភព៖ Hcamag