|

សម្ដេច ហ៊ុន សែន ផ្ដាំទៅមន្ត្រីក្រសួងកសិកម្មថាការងារនេះ«មិនមែនជាការជិះសេះ មើលផ្កាទេ»


មានប្រសាសន៍សំណេះសំណាលក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើការលើកឡើងថា យើងកំពុងជួបនឹងបញ្ហាទឹកជំនាន់ ដែលបញ្ហាប្រឈមនេះបាននាំមកនូវការលំបាកដល់ប្រជាជនជាច្រើនដល់ប្រជាពលរដ្ឋ។

សម្ដេច ហ៊ុន សែន

គ្រោះទឹកជំនាន់ បានបង្កការជន់លិច ផលដំណាំរបស់ប្រជាពលរដ្ឋ​ ជាពិសេសផលប៉ះពាល់ទៅលើដំណាំស្រូវ។ ក្នុងកាលៈទេសៈនេះ ទាមទារឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលខុសត្រូវ យកចិត្តទុកដាក់ធ្វើអន្តរាគមន៍ជាបន្ទាន់ តាមរយៈការជួយផ្ដល់ស្បៀង ផ្ដល់គ្រាប់ពូជសម្រាប់ការដាំដុះ  ពង្រាយការចុះជួយតាមមូលដ្ឋាន និងផ្ដល់ការជួយឧបត្ថម្ភក្នុងរយៈពេល៣ខែ ក្នុងជំពូកហានិភ័យជាអតិប្បរមាសម្រាប់គ្រួសារដែលទទួលរងផលប៉ះពាល់ដោយសារបញ្ហាទឹកជំនន់។

ជុំវិញបញ្ហានេះ សម្ដេច បានមានប្រសាសន៍ផ្ដាំទៅ រដ្ឋមន្ត្រី និងមន្ត្រីក្រសួងកសិកម្មទាំងអស់ថា « នេះមិនមែនជាការជិះសេះ មើលផ្កាទេ» គឺមន្ត្រីទាំងឡាយ ត្រូវនៅកៀកកិតជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ពួកគាត់ វាយតម្លៃ និងដាក់ជាជំនួយចំគោលដៅ កុំទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់ឃ្លាន ដោយយើងមិនបានដឹង។

ក្នុងស្ថានភាពនេះ សម្ដេចក៏បានអំពាវនាវដល់ធនាគារ រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យពន្យាពេលដល់ប្រជាពលរដ្ឋក្នុងការសង ការបន្ថយការប្រាក់ និងការរៀបចំឥន្ធទានឡើងវិញ ដើម្បីជួយសម្រាលការលំបាកមួយផ្នែករបស់ប្រជាជន៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister