ប្រទេសថៃ ជាប្រទេសដែលមានការកាន់កាប់កាំភ្លើងជាកម្មសិទ្ធិឯកជន ច្រើនជាងគេបំផុតក្នុងចំណោមបណ្ដាប្រទេសអាស៊ាន


នៅទូទាំងពិភពលោក មានកាំភ្លើងឯកជនជាង ៨០០ លាន បើគិតត្រឹមឆ្នាំ២០១៧  ក្នុងនោះសហរដ្ឋអាមេរិកមានកាំភ្លើងជាកម្មសិទ្ធិឯកជនច្រើនជាងគេ ចំនួន ៣៩៣,៣៤៧,០០០ដើម។

ដោយឡែក ដោយគិតក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងដប់ ប្រទេសថៃត្រូវបានគេកំណត់ថា ជាប្រទេសដែលមានការកាន់កាប់កាំកាំភ្លើងជាលក្ខណៈបុគ្គលឯកជនច្រើនជាងគេបំផុត ដោយមានកាំភ្លើងចំនួន ១០,៣៤២,០០០ ជាទិន្នន័យក្នុងឆ្នាំ ២០១៧ តាមការស្ទង់មតិអាវុធធុនតូច (SAS) ។

SAS គឺជាគម្រោងស្រាវជ្រាវឯករាជ្យ ដែលមានទីតាំងនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងការសិក្សាអភិវឌ្ឍន៍នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ វាផ្តល់ព័ត៌មានអំពីគ្រប់ទិដ្ឋភាពនៃអាវុធធុនតូច និងអំពើហិង្សាប្រដាប់អាវុធ ជាធនធានសម្រាប់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ និងសកម្មជន ព្រមទាំងអនុវត្តការស្រាវជ្រាវលើបញ្ហាអាវុធធុនតូចផងដែរ។

ក្នុងចំណោមកាំភ្លើង ១០,៣៤២,០០០ ដើមដែលត្រូវបានកត់ត្រាដោយ SAS ក្នុងឆ្នាំ ២០១៧ នៅក្នុងប្រទេសថៃ មាន ៦,២២១,១៨០ ត្រូវបានចុះបញ្ជីស្របច្បាប់ ហើយនៅសល់គឺជាការប្រើប្រាស់មិនស្របច្បាប់។  នេះមានន័យថា សម្រាប់មនុស្ស ១០០ នាក់ក្នុងប្រទេសថៃមានកាំភ្លើងប្រហែល ១៥ ដើម។ កាំភ្លើងដែលចុះបញ្ជីស្របច្បាប់ចំនួន៦,២២១,១៨០  មាន៣,៧៤៤,៨៧៧ ជាកាំភ្លើងខ្លី។

ដ្បិតថា មិនមានព័ត៌មានស្ដីពីបច្ចុប្បន្នភាពពី SAS  ប៉ុន្តែវាត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថាចំនួនកាំភ្លើងពិតប្រាកដនៅក្នុងដៃរបស់បុគ្គលឯកជននៅក្នុងប្រទេសថៃរហូតមកដល់បច្ចុប្បន្ន គឺខ្ពស់ជាងបណ្ដាប្រទេសនានាយ៉ាងច្រើន។

យោងតាមកំណត់ត្រារបស់ប៉ូលិសភូមិន្ទថៃ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ មានករណីឧក្រិដ្ឋកម្មចំនួន ៩១.៣៧៦ ពាក់ព័ន្ធនឹងអាវុធខុសច្បាប់ និង ២៥.០៣៤ ករណីពាក់ព័ន្ធនឹងអាវុធដែលបានចុះបញ្ជីស្របច្បាប់៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Thai PBS WORLD