ឯកឧត្តម ហ៊ុន ម៉ាណែត «ការអប់រំ មិនគួរផ្ដោតតែទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ»
កាលពីពេលថ្មីៗកន្លងទៅនេះ មានការចាប់អារម្មណ៍ច្រើនទៅលើករណីមួយពាក់ព័ន្ធនឹងសកម្មភាពរបស់សិស្សវិទ្យាល័យធ្វើសកម្មភាពគូសអាវលើគ្នាទៅវិញទៅមក ដែលគណៈគ្រប់គ្រងសាលាយល់ថាជាការធ្វើឱ្យខូចសណ្ដាប់ធ្នាប់ រហូតឈានដល់ការជជែកវែកញែកយ៉ាងផុសផុលលើបណ្ដាញសង្គម។
នេះជាបញ្ហាដែលទាក់ទងនឹងការអប់រំ និងសីលធម៌របស់សិស្ស និស្សិត។ ឯកឧត្តម ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅនឹងបញ្ហានេះដោយលើកឡើងអំពីចំណុចដ៏គួរចាប់អារម្មណ៍មួយ ដោយឯកឧត្តម បានបញ្ជាក់ថា «ការអប់រំ គួរមិនត្រឹមតែផ្ដោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ»។
ក្រៅពីចំណេះដឹង កិរិយាមារយាទ សុជីវធម៌ និងសីលធម៌ ជាលក្ខណៈសម្បត្តិដែលមិនអាចខ្វះបានក្នុងនាមជាធនធានមនុស្សក្នុងប្រទេសជាតិមួយ។ ដូច្នេះ ដើម្បីបំពេញនូវចន្លោះខ្វះខាត ដែលកើតពីបម្រែបម្រួលយ៉ាងលឿននៃសង្គមនេះ វិស័យអប់រំមិនត្រឹមតែជាថ្នាលបណ្ដុះចំណេះដឹងទូទៅដល់សិស្ស និស្សិតតែប៉ុណ្ណោះទេ ប៉ុន្តែសាលារៀនគួរតែជាកន្លែងដ៏មានប្រសិទ្ធភាពក្នុងការ ផ្ដល់ឱ្យសិស្ស និស្សិតទទួលបាននូវសិទ្ធសេរីភាពពេញលេញក្នុងការទទួលបានចំណេះដឹងទូទៅ ប៉ុន្តែមានព្រំដែនកំណត់ច្បាស់លាស់ដោយមិនធ្វើអំពើខុសច្បាប់ និងជាពិសេសគឺតម្លៃផ្ទាល់ខ្លួន ចេះវិភាគថាអ្វីត្រូវធ្វើ និងមិនត្រូវធ្វើ ដែលជាមូលដ្ឋានក្នុងការធ្វើឱ្យប្រទេសជាតិមួយរីកចម្រើន និងរក្សាអត្តសញ្ញាណរបស់យុវជន៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hun Manet