សម្ដេច ហ៊ុន សែន អំពាវនាវដល់រថយន្តឈ្នួលទាំងឡាយ កុំឱ្យមានការឡើងថ្លៃក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ


តាមរយៈសារសំឡេងពិសេសរបស់សម្ដេច តេជោ ហ៊ុន សែន  ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ  សម្ដេចបានអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិនិត្យ ការពារសន្ដិសុខឱ្យបានល្អបំផុត សម្រាប់ប្រជាជនដែលធ្វើដំណើរទៅធ្វើបុណ្យទាននៅតាមទីអារាម ក៏ដូចជាទៅកម្សាន្តនៅកន្លែងនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

សម្ដេច ហ៊ុន សែន

សម្ដេច បានអំពាវនាវចំពោះរថយន្តទាំងឡាយសុំកុំឱ្យដំឡើងថ្លៃក្នុងរយៈពេលនៃការធ្វើបុណ្យ ដើម្បីប្រជាជនមានលទ្ធភាពក្នុងការធ្វើដំណើរ។ សម្ដេច ក៏បានស្នើឱ្យសាលារាជធានីភ្នំពេញ​ ពិនិត្យលទ្ធភាពក្នុងការផ្ដល់មធ្យោបាយដឹកជញ្ជូននៅថ្ងៃភ្ជុំបិណ្ឌ បញ្ចេញរថយន្តទៅតាមបណ្ដាខេត្តដូចដែលបានធ្វើនៅមុនពេលកូវីដ-១៩បានមកដល់ ដើម្បីជាការកាត់បន្ថយនូវការដំឡើងថ្លៃនៃរថយន្តឈ្នួល ឬតាក់ស៊ីទាំងឡាយ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះ​កម្ពុជាយើងមានលទ្ធភាពក្នុងការបើកការជួបជុំ ប្រារព្ធធ្វើពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខណៈពេលដែលរយៈពេលនេះកាលពីឆ្នាំទៅ​ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការជួបជុំនៅតាមទីវត្តអារាម ដោយសារការរាតត្បាតយ៉ាងសាហាវនៃជំងឺកូវីដ-១៩។ ទាំងនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នា របស់ថ្នាក់ដឹកនាំ និងប្រជាជនពលរដ្ឋគ្រប់មូលដ្ឋាន លើការអនុវត្តយុទ្ធនាការចាក់ស្រោចវ៉ាក់សាំង ព្រមទាំងការប្រកាន់ខ្ជាប់វិធានការសុខាភិបាល៣កុំ និង៣ការពារ។ យ៉ាងណាមិញ ដើម្បីធានាភាពស៊ាំសហគមន៍ ទប់ស្កាត់ការស្លាប់ និងការពារការរីករាលដាលឆ្លង ឈានទៅរកភាពធ្ងន់ធ្ងរជាថ្មី សម្ដេច បានបន្តអំពាវនាវឱ្យពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងដូសជំរុញជាចាំបាច់ឱ្យបានគ្រប់ៗគ្នា៕

ដោយ៖ ផាត់ គឹមឆែ