ឯកឧត្តម ហ៊ុន ម៉ានី៖ «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានដាក់ប្រយោជន៍បុគ្គលដោយឡែក មករួបរួមគ្នាដើម្បីបុព្វហេតុឧដុង្គឧត្តមសម្រាប់ប្រជាជន និងសង្គមជាតិ»
នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានលើកឡើងក្នុងឱកាសដែលឯកឧត្តម បាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២នេះ និងមានការចូលរួមពីសមាជិក សមាជិកា គ្រូពេទ្យស័្មគ្រចិត្តដែលអញ្ជើញមកពីបណ្តារាជធានីខេត្តទាំង២៥ សរុបប្រមាណ៣២០០ នាក់។
ឯកឧត្តមប្រធាន បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានប្រឹងប្រែង លះបង់ពេលវេលា និងប្តេជ្ញាទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ស្របតាមបេសកម្មរបស់ខ្លួន ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តមបានសង្កត់ធ្ងន់ថា បើទោះបីជាសមាជិក សមាជិកា មានការងារគោលផ្សេងៗគ្នា និងមមាញឹកយ៉ាងណាក្តី ក្រុមការងារបានដាក់ការងារខ្លួនដោយឡែក ហើយមករួបរួមគ្នាដើម្បីចូលរួមការងារស័្មគ្រចិត្តក្នុងការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា ភាពជោគជ័យដ៏ត្រចះត្រចង់លើការគ្រប់គ្រងលើកូវីដ-១៩ ដូចបច្ចុប្បន្ននេះ បានមកពីការរួមចំណែកដ៏សំខាន់របស់កងទ័ពអាវសគ្រប់រូប តាំងពីពេលចាប់ផ្ដើម រហូតឈានដល់លទ្ធភាពនៃការបើកប្រទេសឡើងវិញ នាំឱ្យកម្ពុជាយើងបានពង្រីកសក្ដានុពលរបស់ខ្លួនលើគ្រប់វិស័យ ស្របពេលដែលប្រទេសជិតខាងយើងមួយចំនួន កំពុងទទួលរងហានិភ័យពីជំងឺឆ្លងនេះនៅឡើយ៕
ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia