រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា កម្ពុជា កំពុងរងគ្រោះដោយសារបទល្មើសថ្មីមួយ ដែលលេចឡើងយ៉ាងសាហាវក្នុងរយៈពេលចុងក្រោយនេះ
កម្ពុជា កំពុងរងគ្រោះដោយសារបទល្មើសថ្មីមួយ ដែលលេចឡើងយ៉ាងសាហាវក្នុងរយៈពេលចុងក្រោយនេះ។ នេះបើយោងទៅតាមប្រសាសន៍ សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២២។
សម្ដេចបានមានប្រសាសន៍ថា វាមិនមែនជាបទល្មើសបែបប្រពៃណីនោះទេ នោះគឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលមានប្រជាជនជាច្រើនបានក្លាយទៅជាជនរងគ្រោះ ជាពិសេសនៅខេត្តកំពង់សោម។ ពាក់ព័ន្ធនឹងករណីនេះ អ្នកប្រព្រឹត្តបទល្មើស ៩៩% មិនមែនជាជនជាតិខ្មែរនោះទេ បានសេចក្ដីថាជនល្មើស ឬមេខ្លោងដែលជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍នេះកំពុងតែយកកម្ពុជា ដើម្បីជាកន្លែងប្រព្រឹត្តបទល្មើស ដែលនាំឱ្យកម្ពុជាយើងក្លាយជាកន្លែងរងគ្រោះ។ ជាមួយគ្នានេះ មេខ្យល់ដែលរៀបចំបញ្ជូនមនុស្សចេញពីប្រទេសរបស់ខ្លួននោះ ក៏ជាជនជាតិតែមួយ មិនមែនជាជនជាតិខ្មែរដែរ។
ជុំវិញបញ្ហានៃការឆបោក ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម វាបានបង្កជាបញ្ហាប្រឈមសម្រាប់មុខមាត់ប្រទេសជាតិ គឺកម្ពុជាត្រូវបានចាត់ចូលទៅក្នុងបញ្ជីប្រផេះនៃអង្គភាពហិរញ្ញវត្ថុអន្តរជាតិ ដែលយន្តការនេះស្ថិតនៅក្រោមអង្គការសហប្រជាជាតិ ក្រោមមូលហេតុថា ការចរាចរណ៍លុយនៅកម្ពុជាគឺជាលុយខ្មៅ ហើយកម្ពុជាជាកន្លែងលាងលុយកខ្វក់។ ត្រង់ចំណុចនេះ សម្ដេច ក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «យើងមិនមែនគាំទ្រការវាយតម្លៃនោះទេ ប៉ុន្តែយើងក៏មិនអាចបដិសេធ។ យើងត្រូវមើលឱ្យបានច្បាស់ថាមានករណីនេះឬអត់»។
សម្ដេច បន្តថា បើកាលណាយើងមិនខិតខំប្រឹងប្រែងយកកម្ពុជាចេញពីបញ្ជីប្រផេះទេ ថ្ងៃណាមួយកម្ពុជានឹងចូលឈ្មោះក្នុងបញ្ជីខ្មៅ។ នោះជាមហន្តរាយធំណាស់ សម្រាប់សេដ្ឋកិច្ចជាតិ ដែលយើងចាំបាច់ត្រូវបានការយល់ដឹងទាំងអស់គ្នា មិនមែនត្រឹមតែរដ្ឋាភិបាលទេ។
សម្ដេច ក៏បានស្នើឱ្យវិស័យឯកជនទាំងអស់ ចូលរួមគាំទ្រទាំងអស់គ្នា។ យ៉ាងណាមិញ បច្ចុប្បន្ននេះ ក្រសួង និងមន្ត្រីពាក់ព័ន្ធទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយ និងបង្រ្កាបទៅល្មើសនៃការជួញដូរនេះផងដែរ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia