ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់


ដំណាំមៀនគឺជាដំណាំកសិ-ឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។

យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត  ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន។

ក្នុងគោលបំណងដើម្បីជំរុញការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបទទួលបានការឯកភាព និងចុះហត្ថលេខាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា មៀនដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការមៀនដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងមែកជាប់នឹងផ្លែមៀនត្រូវមានប្រវែងមិនលើសពី១៥សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃដើម្បីធានាថា ផ្លែមៀនស្រស់ទាំងនោះពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាម អនាម័យដូចមានចែងក្នុងពិធីសារ។

អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន៧៤ក្រុមហ៊ុនឬ ម្ចាស់ចម្ការ ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏បាននិងកំពុងបន្តទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀនជាបន្តបន្ទាប់ថែមទៀតផងដែរ។

ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ៕

ប្រភព៖ Sakhon Veng