ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ផ្ដល់ការចំណាយដល់កុមារកម្ពុជាចំនួន ៣០នាក់ ទៅរៀនល្បែងយុទ្ធសាស្ត្រនៅប្រទេសថៃ


ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សា។

លោក កស័ក្ដិ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។ លើសពីនោះទៀត លោកក៏បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោនៅអាហារូបករណ៍ថ្នាក់បរិញាបត្រចំនួន១០ និងអាហារូបករណ៍សម្រាប់ថ្នាក់បច្ចេកទេសចំនួន១១ ហើយលោកបានជម្រាបជូនថា រាល់ការចំណាយទាំងអស់ លោកនឹងផ្គត់ផ្គង់ជូនសម្រាប់អាហារូបករណ៍ទាំង ២០នេះ។

ជាមួយគ្នានេះដែរ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីល្បែងយុទ្ធសាស្ត្រហ្គោល ដែលជាល្បែងមួយមានប្រភពចេញមកពីប្រទេសចិនប្រមាណជា ៣០០០ឆ្នាំមកហើយ ហើយលោក សព្វថ្ងៃ គឺជាអ្នកបង្ហាត់បង្រៀនល្បែងយុទ្ធសាស្ត្រនេះ ។ លោកក៏បានគោរពជូនសម្ដេចតេជោ នូវការចូលរួមរបស់កុមារចំនួន ៣០នាក់ ទៅរៀនល្បែងយុទ្ធសាស្ត្រនេះនៅប្រទេសថៃ ហើយសម្រាប់ ៣០នាក់នេះ គឺជ្រើសរើសកុមារអាយុចាប់ពី ១០ឆ្នាំដល់ ១២ឆ្នាំ ។ លោកបានគោរពជម្រាបជូនសម្ដេចតេជោដែលថា លោកនឹងផ្ដល់ជូននូវរាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការបញ្ជូនកុមារទៅរៀនលេងល្បែងហ្គោលនៅប្រទេសថៃនេះ។ លោកបានបញ្ជាក់ថា ល្បែងយុទ្ធសាស្ត្រហ្គោលនេះ គឺខ្មែរយើងហៅថា អុកចិន ដែលមានកូនគ្រាប់ពណ៌ខ្មៅ និងពណ៌ស ដែលដើរព័ទ្ធគ្នាដើម្បីយកជ័យជំនះ។

លើសពីនោះទៅទៀត លោក កស័ក្ដិ ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងន័យនេះ លោកបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ លើទិសដៅដែលលោកអាចវិនិយោគនៅកម្ពុជាបាន ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក កស័ក្ដិ ដែលបានសម្ដែងនូវការអបអរសាទរជូនចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោកការសាក់ដែរ ចំពោះអាហារូបករណ៍ និងការផ្ដល់ឱកាសឱ្យកុមារកម្ពុជា បានទៅរៀនលេងល្បែងយុទ្ធសាស្ត្រដែលឈ្មោះថា ហ្គោល នៅប្រទេសថៃ។ ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ បានណែនាំឲ្យលោក កស័ក្ដិ បន្តធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ សុខ ចិន្ដាសោភា ពាក់ព័ន្ធនិងការវិនិយោគនៅកម្ពុជា ។ ពាក់ព័ន្ធនឹងអាហារូបករណ៍ និងល្បែងយុទ្ធសាស្ត្រនេះ សូមធ្វើការជាមួយឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ដោយឡែកពាក់ព័ន្ធនឹងទិសដៅវិនិយោគ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើសុំឱ្យលោក កស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថា ជីសរីរាង្គ គឺជាជីមួយដែលអាចប្រើប្រាស់ធ្វើការដាំដុះដំណាំ ហើយផ្ដល់នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាពផងដែរ ៕

ប្រភព៖ Samdech Hun Sen, Cambodia Prime Minister