ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ការហ៊ានប្រមូលផ្ដុំគ្នាកសាងរណសិរ្សរំដោះជាតិ ប្រយុទ្ធជាមួយគ្រាប់កាំភ្លើង យុវជនជំនាន់នោះមានសង្ឃឹមរួចទៅហើយ
មិនថាសម័យកាលណា យុវជននៅតែជាកម្លាំងដ៏សំខាន់ ដែលប្រទេសជាតិត្រូវការជាចាំបាច់។ សុខសន្តិភាពនៃប្រទេសជាតិមួយ កំណត់បានដោយឆន្ទៈចូលរួមដែលមិនអាចខ្វះបានពីសំណាក់យុវជននៃប្រទេសជាតិនោះ។
យ៉ាងណាមិញ ទោះបីបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាពពេញលេញ យុវជនជំនាន់ក្រោយនេះ ទទួលបានឱកាសច្រើន ទាំងចំណេះដឹង និងការអភិវឌ្ឍខ្លួន ប៉ុន្តែ«យុវជនជំនាន់រៀនច្បង គឺជាគំរូវីរភាពសម្រាប់យុវជនជំនាន់ក្រោយ ព្រោះជាជំនាន់មួយដែលពោរពេញទៅដោយក្ដីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម» នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជន។
ឯកឧត្តម បានឆ្លុះបញ្ចាំងឱ្យឃើញថា បើរំលឹកទៅកាលពីសម័យដែលកម្ពុជាបានធ្លាក់ដល់ក្រោមសូន្យលើគ្រប់វិស័យ ជាដំណាក់កាលខ្មៅងងឹត គ្មានសង្ឃឹមថាអាចរំដោះប្រទេសបាន គឺយុវជនជំនាន់នោះមានសង្ឃឹមរួចទៅហើយ ដែលហ៊ានប្រមូលផ្ដុំគ្នាកសាងជារណសិរ្សរំដោះជាតិ ប្រយុទ្ធប្រឆាំងជាមួយគ្រាប់កាំភ្លើងដើម្បីរំដោះប្រទេស។
ឯកឧត្តម បានបន្តថា ដោយសារក្ដីសង្ឃឹម និងការលះបង់របស់យុវជនជំនាន់នោះ ទើបយើងអាចមានថ្ងៃនេះ។ ជាមួយគ្នានេះ យុវជនជំនាន់នោះមានចក្ខុវិស័យច្បាស់លាស់ គឺការចេះប្រមូលផ្ដុំ ដឹកនាំ និងកសាង ពង្រឹងសមត្ថភាព រក្សាបាននូវសន្តិភាព និងឯករាជ្យជាតិ។ មួយវិញទៀត យុវជន ដែលពោរពេញទៅដោយការព្យាយាមអំណត់ គឺផ្ដើមចេញពីចំណុចសូន្យ ដែលមិនមានអ្វីទាំងអស់ រហូតឈានទៅដល់ការបង្រួបបង្រួមជាតិ និងបើកទ្វារកិច្ចចរចាសបញ្ចប់សង្រ្គាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន ដែលជាកិច្ចខិតខំប្រឹងប្រែង និងគំរូវីរភាពរបស់យុវជនខ្មែរជំនាន់នោះ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hun Manet