ឯកឧត្តម ហ៊ុន ម៉ាណែត «ដរាបណាគណបក្សប្រជាជនកម្ពុជានៅកាន់អំណាច វិស័យអប់រំនៅតែជាវិស័យអាទិភាព»


ឯកឧត្តម ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ បានមានប្រសាសន៍លើកឡើងពីដំណើ​រការពង្រឹងនូវសមត្ថភាព ក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ប្រកបដោយឯករាជ្យ ម្ចាស់ការ ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនឡើង។

ឯកឧត្តម ហ៊ុន ម៉ាណែត

ឯកឧត្តម បានលើកឡើងថា «មិនមានប្រទេសណាមកដឹកនាំប្រទេសយើង ហើយមិនមានប្រទេសណាស្រឡាញ់ខ្មែរចង់ឱ្យខ្មែររីកចម្រើនជាងខ្មែរខ្លួនឯងនោះទេ»។ «ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងភាពម្ចាស់ការ ត្រូវផ្ដល់អាទិភាពទៅលើការកសាង និងពង្រីកធនធានមនុស្ស។ ការកសាង និងពង្រីកធនធានមនុស្ស ត្រូវផ្ដល់អាទិភាពទៅលើវិស័យអប់រំ ហើយការពង្រីកវិស័យអប់រំ ត្រូវផ្ដល់អាទិភាពទៅលើលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា»។ ហេតុនេះ បានជាវិស័យអប់រំត្រូវបានយកចិត្តទុកដាក់។

កម្ពុជា ចំណាយលើវិស័យអប់រំធំណាស់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់បៀវត្សជូនបុគ្គលិក លោកគ្រូ អ្នកគ្រូ រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនរួមមាន បណ្ណប.ស.ស អគារសិក្សាដើម្បីផាសុកភាព ប្រាក់បំប៉ន ផ្ទះសម្រាប់គ្រូស្នាក់នៅជាដើម។ «ដរាបណាថវិកាជាតិនៅតែកើន ផលប្រយោជន៍ជូនគ្រូកាន់តែច្រើន ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជួយវិស័យអប់រំពិត​ប្រាកដ កាន់តែមានប្រសិទ្ធិភាព។ ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស គោលដៅផ្ដោតលើវិស័យអប់រំធំ នឹងនៅតែជាអាទិភាពសម្រាប់រដ្ឋាភិបាល» នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានលើកឡើងក្នុងឱកាសនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៥-២០២២ ការចំណាយលើវិស័យអប់រំកើនឡើងទ្វេជា២។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានប្ដេជ្ញាធ្វើយ៉ាងណា ឱ្យឆ្នាំទៅមុខបន្តទៀតនឹងមានការវិនិយោគលើប្រព័ន្ធអប់រំកាន់តែច្រើន ការកសាងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង បណ្ដុះសមត្ថភាពកូនខ្មែរឱ្យកាន់តែមានសក្ដានុពល៕

ប្រភព៖ Hun Manet