សម្ដេច​ ហ៊ុន សែន «នយោបាយគ្មានស្ដង់ដាពិតប្រាកដនោះទេ ប៉ុន្តែកីឡាមានស្ដង់ដាសកលពិតប្រាកដ»


«នយោបាយគ្មានស្ដង់ដាពិតប្រាកដនោះទេ ប៉ុន្តែកីឡាមានស្ដង់ដាសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាប្រកួតតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយ ដែលល្អប្រសើរ និងការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាព និងស្ថេរភាពសង្គម»។ នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំដើម្បីពិភាក្សា លើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ ដែលកិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់១៣ ខែកក្កដា ឆ្នាំ២០២២។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន

សម្ដេចបានមានប្រសាសន៍ថា ឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ កម្ពុជាមានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែកដល់ការដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមបនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយសំដៅជម្រុញល្បឿននៃការអភិវឌ្ឍសម្រាប់ជោគវាសនា និងវិបុលភាពរួម។

សម្ដេច បានបន្តថា វីស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យទំ​នាក់ទំនងអន្តរជាតិ។ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរៀងរាល់២ឆ្នាំម្ដង ឆ្លុះបញ្ចាំងឱ្យឃើញនូវការរឹ​តចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជាសមាជិកទាំងអស់។

វិស័យកីឡា ជាការផ្ដល់ឱកាសនូវការផ្លាស់ប្ដូរទាំងបច្ចេកទេស និងបទពិសោធក្នុងការប្រកួតកីឡា ដែលជាមរតក និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិនីមួយៗ។ ការប្រកួតក្នុងលក្ខណៈអន្តរជាតិនេះ ក៏ជាការបំផុសស្មារតីឱ្យមហាជន ឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។

ទន្ទឹមនេះ កីឡាក៏រួមចំណែកដល់ការរក្សាបានសុខភាពល្អ ដែលជាកត្តាកំណត់នូវលទ្ធភាពសេដ្ឋកិច្ច។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ ងាយចាប់យកចំណេះដឹង និងបច្ចេកកវិទ្យាថ្មីៗ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស ដែលរួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្មមានគុណភាពខ្ពស់៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister