“១០ កក្កដា ២០២២ ទង់ជាតិនៃស្ថាប័នសាធារណៈត្រូវបានបង្ហូតឡើងត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ”
នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំសិក្ខាសាលាមួយស្ដីអំពីការជំរុញសហគ្រិនភាពជាយុវជន ក្រោមប្រធានបទ «ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក» ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី។ ឆ្លៀតឱកាសក្នុងពិធីបើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះ មានការស្មឹងស្មាធរយៈពេល ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា។
នេះជាចេតនានៃការគោរព និងដឹងគុណចំពោះមិត្តជប៉ុន ដែលកន្លងមកបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកំណត់ឱ្យមានភាពវឌ្ឍនភាពនៃកម្ពុជាលើវិស័យជាច្រើន ជាពិសេសវត្តមានអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានរួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរសម្រាប់កម្ពុជា-ជប៉ុន។ មរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជាការបាត់បង់ដ៏ធំធេងចំពោះប្រជាជនជប៉ុន និងជាការបាត់បង់មិត្តដ៏ល្អមួយរូបរបស់កម្ពុជាផងដែរ។
កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសមួយស្ដីអំពីការកំណត់យកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស ទាំងវិស័យសាធារណៈ និងវិស័យឯកជនធ្វើការកាន់ទុក្ខមួយថ្ងៃ ចំពោះមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
ដោយឡែក នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ ទង់ជាតិនៃស្ថាប័ននានាក្នុងវិស័យរដ្ឋ និងឯកជនជាច្រើន ត្រូវបានបង្ហូតឡើងត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ ក្នុងន័យកាន់ទុក្ខ និងចូលរួមរំលែកទុក្ខចំពោះប្រជាជាតិជប៉ុនទាំងមូល នាឱកាសដ៏សោកសង្រេងនេះ៕
ដោយ: BRANDMEDIA