|

កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្ត ប៉ុន្តែសម្ទុះសេដ្ឋកិច្ចត្រូវជួបឧបសគ្គ ខណៈអូមីក្រុងកំពុងវាយលុកជាថ្មី


សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើង៤,៥ ភាគរយនៅឆ្នាំ២០២២ នេះបើតាមការព្យាករចុងក្រោយ របស់ធនាគារពិភពលោក។ ខណៈពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញបន្តងើបឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពី កូវីដ-១៩ អត្រាកំណើននៅតែមិនទាន់មានវិសមភាព ដោយសារឥទ្ធិពលសង្រ្គាមនៅអ៊ុយក្រែន ដែលជំរុញឱ្យមានអតិផរណា។

ដោយយោងទៅតាមរបាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ការនាំចេញទំនិញបានកើនឡើងដល់ ៤.៨ ពាន់លានដុល្លារ កើនឡើង ២៦ ភាគរយកាលបើធៀបទៅនឹងពីឆ្នាំមុន។  ជាមួយគ្នានេះ វិស័យឧស្សាហកម្ម ជាពិសេសសម្លៀកបំពាក់ និងស្បែកជើងត្រូវបានបន្តពង្រីកបន្ថែម ប៉ុន្តែឧស្សាហកម្មផលិតកម្មថ្មីៗ ដូចជាគ្រឿងបរិក្ខារអគ្គិសនី និងយានជំនិះ ក៏កំពុងលេចឡើង ខណៈការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកកំពុងកើនឡើង។

ទោះបីជាសម្ទុះសេដ្ឋកិច្ចក្នុងស្រុកមានភាពរឹងមាំក៏ដោយ ប៉ុន្តែការស្ទុះងើបឡើងវិញត្រូវបានជួបឧបសគ្គដោយការធ្លាក់ចុះនៃតម្រូវការពិភពលោក។  ការកើនឡើងនៃតម្លៃថាមពល និងអាហារពិភពលោកកំពុងជំរុញឱ្យមានអតិផរណាខ្ពស់។  ទន្ទឹមនឹងនេះ ឱនភាពសារពើពន្ធត្រូវបានគេរំពឹងថានឹងពង្រីកដល់ ៦.៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដោយសាររដ្ឋាភិបាលនឹងត្រូវបន្តកម្មវិធីចំណាយដើម្បីជួយដល់ជនក្រីក្រ។

ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងរង្វង់ ៦ ភាគរយជារៀងរាល់ឆ្នាំ ជាមួយនឹងច្បាប់វិនិយោគថ្មី រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជួយជំរុញការវិនិយោគ និងពាណិជ្ជកម្ម។ យ៉ាងណាមិញ គោលនយោបាយដែលអាចជួយទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងនេះរួមមាន ការពង្រឹងទំនុកចិត្តអ្នកប្រើប្រាស់ និងវិនិយោគិន ការលើកកម្ពស់ការនាំចេញ ជាពិសេសលើទំនិញកសិកម្ម តាមរយៈការសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយការចំណាយលើការធ្វើអាជីវកម្ម ស្ថិរភាពតម្លៃលក់រាយ និងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ក្រោយការអនុវត្តយុទ្ធនាការវ៉ាក់សាំងបានស្រោចស្រពទៅដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងមានការគ្រប់គ្រងបានយ៉ាងល្អ កម្ពុជាបានរក្សាតួលេខសូន្យនៃករណីឆ្លងថ្មីចំនួន៥២ថ្ងៃ។ ដោយឡែកកាលពីពេលថ្មីៗនេះ ករណីឆ្លងថ្មីត្រូវបានរកឃើញជាបន្តបន្ទាប់ ដែលសុទ្ធសឹងជាប្រភេទអូមីក្រុង។ ដោយគិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ មានករណីឆ្លងសរុបចំនួន ១៣៦,២៩៦នាក់៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Moderndiplomacy, Fibre2Fashion, ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា