|

សម្ដេច ហ៊ុន សែន «បើយើងមានសារជាតិជាមនុស្សដែលចេះគិត ហើយមិនមានការកេងប្រវ័ញ្ចខាងនយោបាយណាមួយ យើងត្រូវទទួលស្គាល់ការពិតដែលបានកើតឡើងជុំវិញបញ្ហានេះ»


ជារៀងរាល់ឆ្នាំបឹងបួរនានា រួមទាំងបឹងទន្លេសាប បានប្រឈមនឹងការគោករាក់ ដោយកត្តាធម្មជាតិផង និងដោយសារសកម្មភាពមនុស្សផង ដែលនាំឱ្យបាតបឹងកាន់តែរាក់ទៅៗ ដែលជាហេតុធ្វើឱ្យបរិមាណត្រីក៏មានការថយចុះទៅតាមនោះដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃមិញនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា «បើយើងមានសារជាតិជាមនុស្ស ដែលចេះគិត ហើយមិនមានការកេងប្រវ័ញ្ចខាងនយោបាយណាមួយ យើងត្រូវទទួលស្គាល់ការពិតដែលបានកើតឡើងជុំវិញបញ្ហានេះ»។ ពោលគឺ អតីតកាល ទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច ប៉ុន្តែ បច្ចុប្បន្នកាល ទឹករាក់ ត្រីតិច ប្រជាជនច្រើន ដែលនេះបង្ហាញថា ស្ថានភាពកម្ពុជាពេលនេះ មិនដូចស្ថានភាពកម្ពុជាពេលមុនទេ។

សម្ដេចបានបញ្ជាក់ថា ការប្រៀបធៀបបរិមាណជលផលដែលយើងទទួលបានពីអតីតកាល ជាមួយបច្ចុប្បន្ន ពុំមែនជាការសមគួរនោះទេ ពោលគឺចំនួនប្រជាជនមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនក៏កាន់តែច្រើនឡើងដូចគ្នា។ ទន្ទឹមនឹងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ និងការធ្លាក់ចុះជលផលត្រី បញ្ហាការគោករាក់ដែលបង្កឡើងដោយដីល្បាប់ និងស្លឹកឈើជ្រុះចូលទៅក្នុងបឹង ក៏ជាមូលហេតុចម្បងនាំឱ្យត្រីកាន់តែតិច។ ជាមួយគ្នានេះ បឹងគោករាក់ ក៏បានបង្កផលលំបាកដល់ចរាចរណ៍ផ្លូវទឹក ឬពាណិជ្ជកម្មដឹកជញ្ជូនតាមផ្លូវទឹករបស់យើងដែរ។ បញ្ហានេះ យើងពុំអាចបន្ទោសខាងណាបានឡើយ ព្រោះវាជាកត្តាធម្មជាតិ នេះជាប្រសាសន៍ដែលបានលើកឡើងដោយសម្ដេច នាយករដ្ឋមន្ត្រី។

ដោយឡែក កំណើនប្រជាជន នាំឱ្យមានតម្រូវការដីធ្លី សម្រាប់ការរស់នៅ តម្រូវការបង្កបង្កើនផលកាន់តែច្រើន ដែលជាចំណែកមួយធ្វើឱ្យបាត់បង់គម្របព្រៃឈើរបស់យើង ហើយជំនួសមកវិញដោយដំណាំ​កសិកម្ម ឧស្សាហកម្ម ព្រមទាំងភោគផលផ្សេងៗបម្រើឱ្យតម្រូវការរស់នៅប្រចាំថ្ងៃ។

យ៉ាងណាមិញ បច្ចុប្បន្នយើងមានសន្តិភាពពេញលេញ ដែលនាំឱ្យយើងមានលទ្ធភាពដើម្បីធ្វើកិច្ចការងារនានា ក្នុងការស្ដារឡើងវិញនូវធនធានត្រី​ ក៏ដូចជាធនធានព្រៃឈើ ដែលយើងបានបាត់បង់ទៅហើយនោះ ដោយការព្រលែងកូនត្រី និងយុទ្ធនាការនៃការដាំដើមឈើឡើងវិញ។ ឆ្លៀតក្នុងឱកាសនេះ​ សម្ដេចតេជោ នាយករដ្ឋមន្ត្រី​បានស្នើឱ្យពលរដ្ឋកុំមានការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ព្រមទាំងស្នើដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ពិនិត្យលើបញ្ហានេះដើម្បីរក្សាពូជត្រី និងធនធានព្រៃឈើឱ្យបានល្អ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister