កម្ពុជា ឡាវ បានអះអាងថា កម្ចីពីចិនមិនបានធ្វើឱ្យយើងធ្លាក់ចូលក្នុងអន្ទាក់បំណុលនោះទេ


សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជិត៤ទសវត្សរ៍មកហើយបានអះអាងថា អត្រាកម្ចីរបស់កម្ពុជាមានចំនួន២៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានកម្រិតទាបជាងច្បាប់កំណត់ចំនួន៤០ភាគរយ។ 

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា បំណុលសាធារណៈខាងក្រៅរបស់កម្ពុជាមានចំនួនប្រហែល ៨.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។  IMF បាននិយាយថា បំណុលទ្វេភាគីបន្តមានចំនួន ៦៩ ភាគរយនៃបំណុលខាងក្រៅសរុប ដោយច្រើនជាងពាក់កណ្តាលនៃបំណុលនេះជំពាក់ចិន។

ជុំវិញបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងសន្និសីទអនាគតនៃអាស៊ីលើកទី ២៧ នៅទីក្រុងតូក្យូកាលពីពេលថ្មីៗកន្លងទៅនេះថា កម្ពុជាខ្ចីពីប្រទេសមួយចំនួន រួមមានប្រទេសជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងស្ថាប័នអន្តរជាតិ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ យ៉ាងណាមិញ កម្ចីទាំងឡាយ គឺជាតម្រូវការសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយសម្ដេចបានបន្ថែមថា យើងមិនដាក់ខ្លួនយើងទៅក្នុងអន្ទាក់របស់អ្នកណាម្នាក់នោះទេ។

ដោយឡែកចំពោះប្រទេសឡាវ ដែលជាប្រទេសជិតខាងរបស់កម្ពុជាក៏បាននិយាយថា «ប្រទេសចិនមិនមែនជាប្រភពកម្ចីតែមួយរបស់ខ្លួននោះទេ។ ការពឹងផ្អែកតែលើធនធានរបស់ប្រទេសមួយមិនគ្រប់គ្រាន់ទេ។ យើងបានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសផ្សេងៗគ្នា និងអង្គការអន្តរជាតិសម្រាប់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើង»។  

ប្រធានាធិបតីឡាវ លោក​ Thongloun បានមានប្រសាសន៍ថា «យើងកំពុងចូលរួមក្នុងកិច្ចពិភាក្សា និងការចរចាមិនត្រឹមតែជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសវៀតណាម ជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងប្រទេសដទៃទៀតដែលផ្តល់ប្រាក់កម្ចី និងគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ លោកបានបន្តថា ប្រទេសនេះត្រូវការយ៉ាងខ្លាំងក្នុងការអភិវឌ្ឍការតភ្ជាប់ជាមួយប្រទេសដទៃទៀតនៅជុំវិញខ្លួន។ លោកបានបញ្ជាក់ថា «ខ្ញុំចង់និយាយថា យើងមិនស្ថិតក្នុងអន្ទាក់ បំណុលទេនៅពេលនេះ»៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖  BRANDMEDIA
ប្រភព៖ Radio Free Asia