|

ច្បាប់កម្មសិទ្ធិបញ្ញាត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករក្នុងការជំរុញការច្នៃប្រឌិតបង្កើតថ្មី


វិស័យកម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ឋសង្គម ទាក់ទាញការវិនិយោគ និងបង្កើនការបង្កើតស្នាដៃថ្មីៗ។ តាមរយៈស្នាដៃអក្សរសិល្ប៍ សិល្បៈចម្រៀង និងភាពយន្តទាំងនោះបាននឹងកំពុងផ្សព្វផ្សាយពីសក្ដានុពលនៃវប្បធម៌ខ្មែរទាំងក្នុងតំបន់ និងក្រៅតំបន់។ ជាមួយនឹងកំណើននៃស្នាដៃសិល្បៈគ្រប់ទម្រង់នេះហើយ ក៏សង្កេតឃើញថាបញ្ហានៃការលួចបន្លំរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើមនៅតែជាបញ្ហាដ៏រសើបមួយ និងនៅតែជាកង្វល់សម្រាប់ម្ចាស់ស្នាដៃផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មសិទ្ធិបញ្ញា(IP) សំដៅទៅលើការបង្កើតដោយគំនិតបញ្ញាដូចជា តក្កកម្ម ស្នាដៃអក្សរសាស្ត្រ និងសិល្បៈនិមិត្តសញ្ញា រូបភាព គំនូរ ដែលត្រូវបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម​។ ប្រសិនបើកម្មសិទ្ធិបញ្ញាទាំងនេះ មិនបានការពារដោយច្បាប់ទេ នោះតក្កកម្ម នឹងបាត់បង់ទៅគូប្រកួតប្រជែងដែលអាចធ្វើឱ្យតក្កករ​ ឬម្ចាស់ដើមមិនទទួលបានអត្ថប្រយោជន៍ ឬតម្លៃតបស្នងពីការបង្កើតថ្មីរបស់ខ្លួននោះទេ។ 

បច្ចុប្បន្ននេះប្រទេសកម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាចំនួន៤ គឺ១ ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដាក់ប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី៧ កុម្ភៈ ឆ្នំាំ២០០២ បានបញ្ជាក់ពីភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មចំពោះម៉ាក។  ២ ច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដាក់ប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២២ មករា​ ឆ្នាំ២០០៣ គ្រប់គ្រងដោយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល។  ៣  ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៣ មីនា​ ឆ្នាំ២០០៣ គ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  និង ៤ ច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ បានអនុម័តនៅថ្ងៃទី៨ មេសា ឆ្នាំ២០០៨ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជុំវិញបញ្ហាច្បាប់កម្មសិទ្ធិបញ្ញានេះ​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា «ការគោរពច្បាប់កម្មសិទ្ធិបញ្ញាដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករក្នុងការជំរុញការច្នៃប្រឌិតថ្មី» ការថ្លែងនេះស្ថិតក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តរឿង Top Gun: Maverick ដែលរៀបចំដោយស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានៅរោងភាពយន្ត Legend Premium Exchange Square កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ​ ការចាក់បញ្ចាំងភាពយន្តរឿង Top Gun: Maverickនេះមិនត្រឹមតែជាវេទិកាសម្រាប់ផ្សាព្វផ្សាយភាពយន្តហូលីវូដដែលបង្កប់ខ្លឹមសារអប់រំ និងបង្ហាញពីបច្ចេកវិទ្យាទំនើបក្នុងការផលិតប៉ុណ្ណោះទេ តែក៏ជាវេទិកាដ៏សំខាន់ក្នុងការចែករំលែក បញ្ជៀបចំណេះដឹង ការគោរពកម្មសិទ្ធិបញ្ញាដែរ នេះបើតាមប្រសាសន៍បន្ថែមរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២​កន្លងទៅ កម្ពុជាក៏បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ។​ ការប្រារព្ធទិវានេះជាកត្តាជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធ ផលិតករ សិល្បករ ម្ចាស់សិទ្ធិឱ្យខិតខំបង្កើតស្នាដៃថ្មី និងដើម្បីទាក់ទាញវិនិយោគគិន ក៏ដូចជារួមចំណែកលើកកម្ពស់ចំណេះដឹងលើវិស័យកម្មសិទ្ធិបញ្ញាក្នុងន័យជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ