|

«និស្សិតស្រីជំនាញភូមិវិទ្យាម្នាក់ បែរមកចាប់អារម្មណ៍ពីការចិញ្ចឹមមាន់ និងយល់ដឹងពីបច្ចេកទេសចិញ្ចឹមយ៉ាងប្រសើរ»


ប្រជាជនខ្មែរ មិនតិចជាង៨០ភាគរយនោះទេដែលពឹងផ្អែកលើរបរកសិកម្មដាំដុះដំណាំច្រើនប្រភេទ។ដោយឡែក ការចិញ្ចឹមសត្វក៏ជារបរមួយដ៏ពេញនិយមរបស់ប្រជាកសិករដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ ក៏ដូចជារួមចំណែកក្នុងសេដ្ឋកិច្ចជាតិផងដែរ។ ជាមួយគ្នានេះ លក្ខណៈអំណោយផលពីធម្មជាតិបូករួមនឹងជំនាញ បច្ចេកទេសនានា បានធ្វើឱ្យកសិករក៏ដូចជាកសិដ្ឋានខ្នាតតូចធំទាំងឡាយក្លាយជាអ្នកផ្គត់ផ្គង់យ៉ាងសំខាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។

និស្សិតស្រីជំនាញភូមិវិទ្យា កញ្ញា ឃឿន សុខចាន់​ បានចាប់អារម្មណ៍ និងមានការយល់ដឹងច្រើនលើរបរចិញ្ចឹមមាន់នេះដោយក្រុមគ្រួសាររបស់កញ្ញាបានប្រកបរបរចិញ្ចឹមមាន់ក្នុងលក្ខណៈទ្រង់ទ្រាយធំជាយូរឆ្នាំមកហើយ។ យុវនិស្សិតរូបនេះបានឱ្យដឹងថា « ការចិញ្ចឹមមាន់គឺប្រើពេលវេលាតិច រីឯតម្រូវការទីផ្សារវិញគឺមានតម្រូវការខ្ពស់ដដែលដោយនៅពេលមាន់ធំគឺតែងមានឈ្មួញទៅទិញដល់កន្លែងតែម្ដង»។ លក្ខណៈងាយស្រួលនេះហើយទើបគ្រួសារកញ្ញាបានប្រកបរបរចិញ្ចឹមមាន់យកសាច់លក់នេះជាច្រើនឆ្នាំ ព្រោះវាមិនត្រឹមតែជួយសម្រួលបន្ទុកចំណាយក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាជារបរមួយដែលឋិតថេរ និងជាប្រភពសេដ្ឋកិច្ចដ៏សំខាន់មួយផងដែរ។  ទោះបីសព្វថ្ងៃនេះចំនួនមាន់កើនដល់១០០០០ក្បាលក្ដី ក៏គ្រួសារកញ្ញានៅតែមានបំណងក្នុងការពង្រីកការចិញ្ចឹមមាន់បន្ថែមទៀតដែរដើម្បីជាចំណែកមួយក្នុងការផ្គត់ផ្គង់តម្រូវការមាន់ក្នុងស្រុក។

ទាក់ទងនឹងបច្ចេកទេសនានា​ កញ្ញាបានចែករំលែកបន្តថា« ដំបូងឡើយគឺត្រូវជ្រើសរើសពូជកូនមាន់មកចិញ្ចឹមដែលពូជមាន់សាច់គឺចិញ្ចឹមត្រឹម២ទៅ៣ខែប៉ុណ្ណោះគឺអាចទទួលផលហើយ។  ការចិញ្ចឹមមាន់ក៏ត្រូវការទីជម្រកត្រឹមត្រូវផងដែរទើបអាចបានផលល្អ ជាក់ស្ដែងសម្រាប់មាន់១០០០០ក្បាលគឺត្រូវធ្វើរោងដ៏ធំមួយ មានបណ្ដោយប្រវែង៥០ម៉ែត្រ និងទទឹងប្រមាណជា១០ម៉ែត្រ ដោយរោងមានព័ន្ធសំណាញ់ជុំវិញ និងត្រូវធ្វើធ្នើរសម្រាប់មាន់ដេកផងដែរ»។

យ៉ាងណាមិញ មាន់អាចទទួលបានផលលឿន និងគួរជាទីពេញចិត្តក៏អាស្រ័យលើការមើលថែទាំបានល្អ និងការឱ្យចំណីដិតដល់។ ចំពោះចំនួនមាន់ដ៏ច្រើននេះ កញ្ញា ឃឿន សុខចាន់ បានរៀបរាប់ឱ្យដឹងថា ចំណីជារឿងសំខាន់បំផុតដែលអ្នកចិញ្ចឹមមាន់ទាំងឡាយត្រូវយកចិត្តទុកដាក់។ តួយ៉ាងគ្រួសារកញ្ញាផ្ទាល់បានដាក់ចំណីមាន់៣ដងនៅក្នុងមួយថ្ងៃ និងត្រូវដាក់ទឹកឱ្យបានគ្រប់គ្រាន។  លើសពីនេះទៅទៀតត្រូវចេះពិនិត្យតាមដានមាន់ផងដែរក្រែងមានលក្ខណៈខុសប្រក្រតីដែលអាចបង្កជាជំងឺតម្កាត់ផ្សេងៗ។

សេដ្ឋកិច្ចគ្រួសាររីកចម្រើនក៏អាស្រ័យលើប្រជាជនចេះប្រមើលមើលអំពីតម្រូវការទីផ្សារក្នុងស្រុកផងដែរ កាលណាការផលិតស្របតាមតម្រូវការមនុស្ស នោះនឹងធ្វើឱ្យចង្វាក់ផលិតកម្មកាន់តែមានសម្ទុះខ្លាំងក្លាដែលជាហេតុធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍលើផ្នែកកសិកម្មដូចគ្នា។ ហេតុនេះរាល់ការដាំដុះឬ ការចិញ្ចឹមសត្វផ្សេងៗ អ្នកផលិតចាំបាច់ត្រូវចេះស្វែងយល់ពីវិធីសាស្ត្រ និងតម្រូវការទីផ្សារឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA