ហេតុអ្វីចិនព្យាយាមចាក់ឫសកាន់តែជ្រៅក្នុងតំបន់អាស៊ីអាគ្នេយ៍?


អាស៊ីអាគ្នេយ៍គឺជាតំបន់ដ៏ធំមួយ ដែលមានចំនួនប្រជាជនច្រើន និងធនធានចម្រុះ ហើយបច្ចុប្បន្នកំពុងឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។  ជាមួយនឹងចំនួនប្រជាជន និងសក្ដានុពលសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាសមាជិក អាស៊ីអាគ្នេយ៍ត្រូវបានគេមើលឃើញថាជាផ្នែកដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់ចិន។

សម្រាប់ប្រទេសចិន អាស៊ីអាគ្នេយ៍គឺជាអ្នកផ្គត់ផ្គង់ធនធានធម្មជាតិ និងជាទីផ្សារដ៏ធំសម្រាប់ទំនិញ សេវាកម្ម និងបច្ចេកវិទ្យារបស់ចិន។  វាក៏ជាតំបន់សន្តិសុខជាតិសម្រាប់ប្រទេសចិន ដោយបំបែកប្រទេសចិនចេញពីកងនាវាចររបស់ឥណ្ឌា និងសហរដ្ឋអាម៉េរិកដែលមានវត្តមាននៅក្នុងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។  ដូច្នេះ ទីក្រុងប៉េកាំងចាំបាច់ត្រូវបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយចងភ្ជាប់ជាមួយទំនាក់ទំនងគ្រប់ប្រភេទ ដើម្បីធានាឱ្យមានឥទ្ធិពលដ៏រឹងមាំ និងយូរអង្វែងនៃប្រទេសចិននៅក្នុងតំបន់។

ហេតុផលដ៏សំខាន់មួយទៀតគឺ សត្រូវភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ចិន គឺសហរដ្ឋអាម៉េរិក ឥឡូវនេះកំពុងមានទ្រង់ទ្រាយធំនៅអាស៊ីអាគ្នេយ៍។  ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកគឺខ្លាំងដែលប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍មានមូលដ្ឋានយោធារបស់សហរដ្ឋអាម៉េរិក ហើយអាចប្រើប្រាស់អាម៉េរិក ជាខ្នងបង្អែកដ៏រឹងមាំ ក៏ដូចជាទុកអាម៉េរិកជាមធ្យោបាយការពារសម្ព័ន្ធមិត្តពីការគំរាមកំហែងផ្សេងៗផងដែរ។

យ៉ាងណាមិញ សេដ្ឋកិច្ចរបស់ប្រទេសចិនគឺពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ឥន្ធនៈអ៊ីដ្រូកាបូនពីមជ្ឈិមបូព៌ាតាមសមុទ្រតាមរយៈច្រកសមុទ្រម៉ាឡាកា។  ប្រសិនបើជម្លោះចិន-អាម៉េរិកកាន់តែតានតឹង កងទ័ពជើងទឹកអាម៉េរិក និងសម្ព័ន្ធមិត្តអាចបិទច្រកសមុទ្រ ដោយដកហូតប្រទេសចិននូវផ្នែកសំខាន់មួយ ដែលចិនបានប្រើនៅក្នុងការនាំចូលប្រេង និងឧស្ម័នរបស់ខ្លួន ហើយវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចចិន។  ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ចិនក្នុងការធានានូវឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ច្រកសមុទ្រម៉ាឡាកា។

 វិធីសាស្រ្តដ៏សំខាន់របស់ប្រទេសចិនក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសផ្សេងទៀតឥឡូវនេះគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយមធ្យោបាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបរទេសរបស់ចិនសព្វថ្ងៃនេះគឺគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។  គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានស្ថាបនាឡើងដើម្បីភ្ជាប់ផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតរបស់ពិភពលោកទាំងផ្លូវគោក និងផ្លូវសមុទ្រ ទៅជាប្រព័ន្ធតែមួយ និងដើម្បីបង្កើនការផ្គត់ផ្គង់ទំនិញរបស់ចិនទៅកាន់គ្រប់គោលដៅដែលអាចធ្វើទៅបាន។  ទិសដៅដ៏សំខាន់បំផុតមួយសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវគឺអាស៊ីអាគ្នេយ៍។

ជាការពិតណាស់ ពេលវេលាដែលចិនអាចដាក់ពង្រាយមូលដ្ឋានយោធារបស់ខ្លួនដោយបើកចំហនៅក្នុងទីតាំងយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍គឺនៅវែងឆ្ងាយនៅឡើយ។  ទោះជាយ៉ាងណាក៏ដោយ ការចាក់ឫសអំណាចយោធា និងនយោបាយតែងតែចាប់ផ្តើមដោយអំណាចសេដ្ឋកិច្ច។  ជាមួយគ្នានេះ ប្រទេសចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍។

ដោយឡែក សហរដ្ឋអាម៉េរិក ក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ហ្វីលីពីន ថៃ និងវៀតណាម ដែលជាសមាជិកនៃអាស៊ីអាគ្នេយ៍ផងដែរ។  ទោះយ៉ាងណាក៏ដោយ ប្រទេសចំនួនពីរក្នុងចំណោមប្រទេសទាំងបួននេះ ក៏មានមូលដ្ឋានទ័ពអាម៉េរិកនៅលើទឹកដីរបស់ពួកគេរហូតមកដល់ពេលថ្មីៗនេះ។ សហរដ្ឋអាម៉េរិក គឺជាអ្នកវិនិយោគកំពូលរបស់អាស៊ាន ជាក់ស្ដែងកាលពីឆ្នាំ២០២០ ការិនិយោគរបស់អាម៉េរិក មានតម្លៃប្រហែលមួយភាគបួននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបរបស់អាស៊ាន។ ប៉ុន្តែការវិនិយោគទាំងនេះត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសមួយចំនួននៃអាស៊ាន ដូចជាសិង្ហបុរី ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី។

ទន្ទឹមនឹងនេះ នៅក្នុងប្រទេសកម្ពុជា និងឡាវ FDI ពីប្រទេសចិនបានបង្កើតជាប្រភពនៃការវិនិយោគដ៏ធំបំផុតសម្រាប់ឆ្នាំជាប់ៗគ្នា។ ឥឡូវនេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាម៉េរិក ហើយប្រទេសចិនជាអ្នកដែលបានវិនិយោគយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចកម្ពុជា៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖  New Age,The Straits Times