ឯកឧត្តម ហ៊ុន ម៉ានី «ខណៈយើងស្ថិតក្នុងតួនាទីកាន់តែខ្ពស់ ការប្រឈម និងដោះស្រាយបញ្ហាកាន់តែពិបាក»


សហភាពសហព័ន្ធយុវជនកម្ពុជា ជាស្ថាប័នមួយដែលបានរួមចំណែកជាច្រើនក្នុងការជួយសង្គមជាតិតាមរយៈសកម្មភាពសាមគ្គីគ្នារបស់យុវជនកម្ពុជា។ ស្ថានប័នយុវជនអាចដំណើរការល្អទៅបានក៏អាស្រ័យដោយមានថ្នាក់ដឹកនាំល្អ ដែលពោរពេញដោយសមត្ថភាពជាក្បាលម៉ាស៊ីនសម្រាប់តម្រង់ទិសដៅប្រកបដោយប្រសិទ្ធភាព។

ស្ថិតក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានការចាប់អារមណ៍ចំពោះនិស្សិតម្នាក់ដោយបានលើកជាសំណួរទៅកាន់ ឯកឧត្តម ហ៊ុន ម៉ានីថា៖ ក្នុងនាមជាថ្នាក់ដឹកនាំ តើការងារអ្វីដែលលំបាកជាងគេ?ជុំវិញការលើកឡើងរបស់សំណួរ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា« ខ្ញុំមិនទាន់អាចឆ្លើយក្នុងនាមជាថ្នាក់ដឹកនាំយុវជន តែសូមឆ្លើយក្នុងនាទីជាថ្នាក់ដឹកនាំស្ថាប័នយុវជន ខណៈយើងស្ថិតក្នុងតួនាទីកាន់តែខ្ពស់ ការប្រឈម និងដោះស្រាយបញ្ហាកាន់តែពិបាក»។

ឯកឧត្តម បានបន្តថា« ការងារសុទ្ធតែហត់មិនថាការងារតូច ឬធំ ការណ៍នេះហើយដែលទាមទារឱ្យម្នាក់ៗ ត្រូវចេះស្គាល់ ក្ដាប់ស្ថានការណ៍ វាយតម្លៃតម្លៃស្ថានភាពឱ្យបានទាន់ពេលវេលា និងចេះប្រើប្រាស់យន្តការដែលមានក្នុងដៃឱ្យបានអស់ពីសមត្ថភាព ដើម្បីកំណត់ដាក់ចេញជាដំណោះស្រាយណាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង»។  យ៉ាងណាមិញតាមប្រសាសន៍របស់ឯកឧត្តម បានបញ្ជាក់បន្ថែមពីលើភាពជាអ្នកដឹកនាំ ក៏ត្រូវមានសមត្ថភាពចេះសម្របសម្រួលដែលជាមូលដ្ឋានឈានទៅរកការសម្រេចចិត្តណាមួយផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា« សិល្បៈនៃការដឹកនាំសំខាន់ តែការចេះដឹកនាំ សម្របសម្រួល ប្រកបដោយចក្ខុវិស័យ ទស្សនៈនិងភាពហ្មត់ចត់តែទន់ភ្លន់ក្នុងការរក្សាទំនាក់ទំនងនឹងមកនូវការរួមគ្នាសម្រេចគោលដៅឆ្ពោះទៅមុនបានវែងឆ្ងាយ និងយូរអង្វែង»។

ថ្នាក់ដឹកនាំល្អ និងការរួមចំណែករបស់យុវជគឺជាកម្លាំងចលករដែលអាចជួយរុញច្រានប្រទេសមួយឆ្ពោះទៅភាពរីកចម្រើនបាន ហេតុនេះគំរូភាពនៃថ្នាក់ដឹកនាំគឺប្រៀបដូចជាថ្នាលបណ្ដុះនូវ​ធនធានមនុស្សជំនាន់ក្រោយឱ្យងាកមកចាប់អារម្មណ៍អភិវឌ្ឍខ្លួន និងរួមសាមគ្គីគ្នាក្នុងកិច្ចកសាងសង្គមជាតិជាបន្តទៅទៀត៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ Hun Many