កម្ពុជា រំពឹងថាភាគីថៃនឹងបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ដើម្បីលំហូរទេសចរតាមផ្លូវគោក
បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសថៃ បានអនុញ្ញាតឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញចាប់ពីថ្ងៃទី ០១ ខែឧសភាមក សមាគម និងក្រុមហ៊ុនឯកជនមួយចំនួនក្នុងវិស័យទេសចរណ៍នៅកម្ពុជា ថៃ ក៏ដូចជាវៀតណាមបានសហការគ្នារៀបចំផែនការជំរុញលំហូរភ្ញៀវទេសចរម្តងទៀត។
កាលពីដើមខែឧសភា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដឹកនាំដោយលោក ធួន ស៊ីណាន ប្រធានសមាគម បានធ្វើដំណើរឆ្លងកាត់ច្រកអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង របស់កម្ពុជា ទៅកាន់ខេត្តត្រាត របស់ប្រទេសថៃ និងទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម។ ជំនួបរវាងកម្ពុជា ថៃ និងវៀតណាម បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥-៦ ខែឧសភា ខណៈគណៈប្រតិភូក្រុមហ៊ុននៅកម្ពុជា បានធ្វើដំណើរតាមយន្តហោះពីភ្នំពេញទៅបាងកកផងដែរ។
គោលបំណងនៃការធ្វើដំណើរតាមផ្លូវនេះ គឺដើម្បីសិក្សាស្វែងយល់អំពីការធ្វើដំណើរ ក៏ដូចជាការបំពេញឯកសារនៅច្រកព្រំដែនទាំងសងខាងកម្ពុជា និងថៃ។ លោក ធួន ស៊ីណាន មានប្រសាសន៍ថា ការបើកច្រកព្រំដែនកម្ពុជា-ថៃ ពិតជាល្អសម្រាប់វិស័យទេសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោកបន្តថា លំហូរភ្ញៀវទេសចរតាមផ្លូវគោក នឹងមានកាន់តែច្រើន ប្រសិនបើភាគីថៃ បន្ធូរបន្ថយលក្ខខណ្ឌ ឬឯកសារមួយចំនួន ព្រោះពេលឆ្លងកាត់ព្រំដែន តម្រូវការពីភាគីថៃ នៅតែមិនស្ថិតស្ថេរ ដូចជាលក្ខខណ្ឌនៃការបើករថយន្តឯកជនចូលប្រទេសថៃ និងបញ្ហាដែលភាគីថៃស្នើឱ្យភាគីកម្ពុជា ធ្វើតេស្តឱ្យបានឆាប់រហ័សលើភ្ញៀវទេសចរ និងអ្នកដំណើរ។
យ៉ាងណាមិញ លំហូរភ្ញៀវទេសចរបានត្រឡប់មកកម្ពុជាវិញ ក្រោយស្ថានភាពស្រុកទេសកំពុងឈានទៅរកភាពល្អប្រសើរ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយគឺពុំមានករណីឆ្លងថ្មីឡើយ។ ជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោកបានកើនឡើង ៦២២ ភាគរយដល់ ៣៣ ២០៥នាក់ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ដែលបង្កើតចំណូលបានប្រមាណ ១,៣៥ លានដុល្លារ៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Vietnam Plus