«ថៃប្រកាសបើកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ តែអ្នកដំណើរត្រូវគោរពលក្ខខណ្ឌបីយ៉ាង»
ក្នុងអំឡុងពេលពីរឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានជំរុញឱ្យស្ទើរគ្រប់ប្រទេសទាំងអស់លើសាកលលោក ត្រូវបង្ខំចិត្តចេញនូវវិធានការបិទខ្ទប់ការធ្វើដំណើរជាទេសចរណ៍ឆ្លងប្រទេស ដើម្បីធានាបាននូវសុខសុវត្ថិភាព និងដើម្បីបង្ការការចម្លងនូវមេរោគប្រភេទថ្មីៗនៃជំងឺកូវីដ-១៩ពីបរទេសផង។ ក្នុងនោះផងដែរ ប្រទេសថៃដែលជាប្រទេសជិតខាងយើង ក៏បានចេញសេចក្ដីប្រកាសបិទច្រកព្រំដែនអន្តរជាតិផ្លូវគោករវាងកម្ពុជា-ថៃ ហាមពលរដ្ឋខ្មែរធ្វើដំណើរចូលទឹកដីខ្លួន ដែលច្រកព្រំដែនអន្តរជាតិទាំងនោះរួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង ច្រកទ្វារអន្តរជាតិភ្នំដី។
ដោយមើលឃើញពីស្ថានភាពនៃជំងឺកូវីដ-១៩ ទាំងក្នុងប្រទេសថៃ និងកម្ពុជា មានភាពធូរស្បើយច្រើនហើយនោះ កាលពីពេលថ្មីៗនេះ ភាគីថៃក៏បានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរ អាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបានតាមច្រកទ្វារព្រំដែនចំនួនពីរនៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក( Ban khong Luk) ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន(Ban khao Din) ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ត្បិតតែ មានការអនុញ្ញាតអាចចេញចូលប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិទាំងនេះជាថ្មីក៏ដោយ ប៉ុន្តែអ្នកដំណើរទាំងអស់ត្រូវគោរពទៅតាមគោលការណ៍ដែលកំណត់ដោយភាគីប្រទេសថៃចំនួន បីធំៗសិនគឺ ត្រូវមានលិខិតឆ្លងដែន មានបណ្ណព្រំដែន(ដែលត្រូវបំពេញដោយផ្ទាល់នៅច្រកទ្វារព្រំដែន) ព្រមទាំងមាននូវកាតចាក់វ៉ាក់សាំង នេះបើតាមការបញ្ជាក់របស់ភាគីថៃ។
ភាគីថៃបញ្ជាក់បន្ថែមថា ការធ្វើដំណើរចូលប្រទេសថៃ គឺអាចធ្វើទៅបានក្រោមវិធានការ និងលក្ខខណ្ឌនៃវិធានការបង្ការជំងឺ ក្រោមបទប្បញ្ញតិនៃមាត្រា៩ នៃក្រឹត្យស្ដីពីការគ្រប់គ្រងសាធារណៈនៃការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ និងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ចនៅតាមច្រកព្រំដែននីមួយៗ។
យ៉ាងណាមិញ ដំណឹងនៃការបើកច្រកព្រំដែនជាថ្មីនេះគឺសម្រាប់តែភ្ញៀវទេសចរប៉ុណ្ណោះ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងខ្លឿវិញ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញចូលបាននៅឡើយទេ។ ប៉ុន្តែនៅជំហានបន្ទាប់ គឺគិតគូរដល់ក្រុមអាជីវករខ្មែរដែលលក់ដូរនៅផ្សាររុងខ្លឿ នេះបើតាមប្រសាសន៍ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៕
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism Cambodia