«ដំណាំ​ដំឡូងមី ជាប្រភពសេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់ នៃប្រជាជនភាគច្រើនក្នុងខេត្តព្រះវិហារ»


ស្ថានភាពទីតាំងភូមិសាស្ត្រកម្ពុជា បានអំណោយផលដល់ការដាំដុះដំណាំជាច្រើនប្រភេទ។ ហេតុនេះយើងឃើញថា ប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទ គឺច្រើនតែ ប្រកបរបរកសិកម្មដាំដុះជារបរចិញ្ចឹមជីវិត និងដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងគ្រួសារ។ តួយ៉ាង នៅក្នុងខេត្តព្រះវិហារ ដំណាំដំឡូងមី ត្រូវបានមើលឃើញថាជាដំណាំដ៏ពេញនិយមពីសំណាក់កសិករភាគច្រើន ដោយសារកត្តាសំខាន់ៗមួយចំនួន។

លោក គាយ កក់ ជាប្រជាពលរដ្ឋរស់នៅភូមិថ្នល់បែក  ឃុំថ្មី ស្រុកភ្នំគូលែន ខេត្តព្រះវិហារ ដែលគ្រួសារលោកបានប្រកបរបរដាំដំឡូងមីនេះច្រើនឆ្នាំមកហើយនោះ បានប្រាប់ឱ្យដឹងពីបច្ចេកទេសក្នុងការដាំដំឡូងថា« ជាទូទៅពូជដំឡូងគឺទិញបន្តពីគេមកដាំ និងចាំរយៈពេល៩-១០ខែទើបអាចប្រមូលផលបាន»។

លោក គាយ កក់

ដំឡូងមីអាចដាំចុះមើមល្អបំផុតគឺដាំនៅតំបន់ដីក្រហម ឬ ដីល្បាប់មានជីជាតិ។  ការដាំ គឺត្រូវជ្រើសរើសប្រភេទដីដែលខ្ពស់ មានជម្រាលទឹកហូរទៅក្រោម ដូចជាដីតាមជម្រាលជើងភ្នំ ចៀសវាងដីណាដែលដក់ទឹកព្រោះអាចធ្វើឱ្យដំឡូងរលួយបាន។   លោកបន្តថា« មុនដាំ ត្រូវភ្ជួររាស់ដីឱ្យស្អាត លើកពូនជារង និងមានចង្ហូរទឹកនៅចន្លោះរងនីមួយៗឱ្យបានត្រឹមត្រូវផងដែរ។  ដើមដំឡូងត្រូវកាប់ប្រមាណមួយចំអាមដៃ និងត្រូវយកត្រាំជាមួយទឹកថ្នាំការពារសត្វកណ្ដៀរជាមុនសិន មុននឹងយកទៅដាំ។   ដំឡូងមីជាដំណាំម្យ៉ាងដែលមានលក្ខណៈងាយស្រួលដាំ ធន់នឹងអាកាសធាតុ គួបផ្សំនឹងដីមានលក្ខណៈអំណោយផលល្អផងនោះ  ការស្រោចស្រពគឺមិនមែនជារឿងចាំបាច់ប៉ុន្មានទេ ភាគច្រើននៅពេលត្រូវទឹកភ្លៀងត្រឺមមួយមេ ឬពីរមែក៏អាចដុះលូតលាស់បានយ៉ាងល្អដែរ»។

ដោយឡែក នៅពេលដំឡូងមីចាប់ផ្ដើមដុះលូតលាស់ហើយ ត្រូវការការមើលថែទាំដូចជាការជំរះស្មៅ ដាក់ជី និងមានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតខ្លះៗដើម្បីការពារស្លឹកកុំឱ្យសត្វល្អិតស៊ីបំផ្លាញផងដែរ។

លោក គាយ កក់ បញ្ជាក់ផងដែរថា« នៅរដូវប្រមូលផល ដំឡូងមីនៅតែមានតម្លៃទីផ្សារល្អជានិច្ច ដែលជាមធ្យមអាចប្រមូលផលចន្លោះពី៨-៩តោន ក្នុងមួយហិចតា អាស្រ័យលើប្រភេទដី និងការថែទាំបានដិតដល់  ហេតុដូចនេះប្រជាជននៅភូមិថ្នល់បែក ស្រុកភ្នំគូលែននេះ  គឺជ្រើសរើសរបរដាំដំឡូងមីលក់ ព្រោះវាសមស្របនឹងលក្ខណៈដីផង និងត្រូវតាមតម្រូវការនៃទីផ្សារ ដែលជាផ្នែកមួយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនមួយកម្រិតផងដែរ»។

លោកបានបន្តថា« គ្រួសារលោកផ្ទាល់ សព្វថ្ងៃបានប្រើប្រាស់ដីប្រមាណជាង៥ហិចតា ដើម្បីដាំដំឡូងមី ក្រៅពីនេះក៏នៅមានដាំដុះនូវដំណាំកសិកម្មផ្សេងទៀតដូចជាស្រូវ ជាដើម»។   ជាមួយគ្នានេះដែរ  លោក គាយ កក់ បានបង្ហើបថាគ្រួសារលោកនៅតែមានបំណងក្នុងការពង្រីកផ្ទៃដីដាំដុះដំឡូងមីបន្ថែមទៀតដើម្បីផ្គង់ផ្គង់តម្រូវការទីផ្សារដំឡូងមីក្នុងស្រុកនេះ។

សេដ្ឋកិច្ឋជាតិអាចមានវិវឌ្ឍភាពទៅបាន ក៏អាស្រ័យលើកសិផលក្នុងស្រុកមានសម្ទុះ និងមានតម្រូវការទីផ្សារផងដែរ ដែលនេះជាចំណែកដ៏ធំមួយដែលអាចជួយឱ្យសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋមានការរីកចម្រើន។ យ៉ាងណាមិញប្រជាជនក៏គួរចេះច្នៃប្រឌិត និងចេះសម្លឹងមើលពីដំណាំដែលជាតម្រូវការទីផ្សារ ដើម្បីបង្កើននូវការដាំដុះរបស់ខ្លួនបន្ថែមទៀតផងដែរ៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA