មកស្គាល់ប្រវត្តិបាយដំណើបស្វាយដែលថៃគ្រោងស្នើចូលជាបញ្ជីបេតិកភណ្ឌ


កាលពីពេលថ្មីៗនេះ តារារ៉េបស្រីវ័យក្មេងរបស់ថៃនាងMilli បាននឹងកំពុងធ្វើឱ្យបណ្ដាអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយនាងបានចូលរួមសម្ដែងការប្រគំតន្ត្រី Coachella Valley Music and Arts Festival រដ្ឋ California លើទឹកដីសហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា កន្លងទៅនេះ។  ក្រោយបញ្ចប់ការសម្ដែងយ៉ាងប៉ិនប្រសប់រួច ភ្លាមៗនោះនាងបានបរិភោគបាយដំណើបស្វាយទុំថៃ នៅលើឆាកតន្ត្រីចំពោះមុខអ្នកទស្សនាតែម្ដង  ជាហេតុនាំឱ្យកំណើននៃការបញ្ជាទិញអង្ករដំណើប និងស្វាយទុំនៅក្នុងប្រទេសថៃមានសម្ទុះយ៉ាងខ្លាំង។  

បន្ទាប់ពីមានការទទួលបានការចាប់អារម្មណ៍ច្រើន និងមើលឃើញពីតម្រូវការអង្ករដំណើប​ ស្វាយទុំក្នុងប្រទេសថៃផងនោះ លោក Brayut Chan-o-cha ប្រមុខរដ្ឋាភិបាលថៃ បានប្រកាសអំពីលទ្ធភាពដាក់បាយដំណើប ស្វាយទុំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការ យូណេស្កូ ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ជាធម្មតាស្វាយណាមដកម៉ៃមានតម្លៃត្រឹម២០-៤០បាតក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែពេលនេះតម្លៃស្វាយបានហក់ឡើងដល់ ១១០បាតក្នុងមួយគីឡូក្រាម ដែលកាលពីឆ្នាំ២០២១កន្លងទៅ ថៃបាននាំចេញស្វាយចំនួនជាង១៣១លានដុល្លារ និងអង្ករដំណើបជាង៩១លានដុល្លារ។

ឥឡូវយើងមកដឹងទាំងអស់គ្នា អំពីបង្អែមមួយមុខនេះដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ។ ប្រវត្តិនៃបង្អែមបាយដំណើបស្វាយ  ថ្វីដ្បិតតែមានប្រជាប្រិយភាពយ៉ាងណាក៏ដោយ  ក៏ស្ទើរតែមិនមានភ័ស្តុតាងបញ្ជាក់ថា បាយដំណើបស្វាយមានប្រភពមកពីណា និងរបៀបណានោះទេ។  យោងតាមប្រភពពីគេហទំព័រ អាជ្ញាធរទេសចរណ៍ថៃ បានឱ្យដឹងថា ទោះបីបង្អែមប្រភេទនេះមាន ឬគ្មានប្រភពមកពីប្រទេសថៃក៏ដោយ ក៏វាបានវិវត្តទៅជាបង្អែមប្រពៃណីដែលបានចែករំលែក ទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងហើយទំនងជាផលិតផលនៃការរួមបញ្ចូលគ្នារវាងវប្បធម៌ផ្សេង គ្នាក្នុងតំបន់ទាំងនេះ។

ប្រវត្តិដំបូងនៃបាយដំណើបមានតាំងពីចុងសម័យអយុធ្យា (១៣៥១ ដល់ ១៧៦៧) ហើយបន្តរហូតដល់រជ្ជកាលព្រះបាទរាមាទី២យោងតាមរូបមន្តអាហារប្រពៃណីថៃជាច្រើន។  រូបមន្តពីរជ្ជកាលរាមាទី ៥ ក៏បានចែងថា អង្ករដំណើប និងទឹកដោះគោ ទឹកដូងត្រូវទទួលទានជាមួយផ្លែឈើ ដោយសន្មតថាត្រូវបរិភោគជាមួយស្វាយផ្អែម។   ផ្លែស្វាយត្រូវបានដាំដុះជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលជាង ៥,០០០ឆ្នាំមកហើយ ហើយក៏មានការដាំដុះពីសំណាក់ជនជាតិដើមនៅភូមា និងអាស៊ីខាងកើតផងដែរ។ ម្យ៉ាងវិញទៀត អង្ករដំណើបមានដើមកំណើតនៅភាគឦសាន ដែលជាផ្នែកនៃប្រទេសថៃជាប់ព្រំដែនឡាវ ជាតំបន់ដែលកាលពីដើមធ្លាប់ជាផ្នែកមួយគ្មានដីគោក ធ្វើឱ្យបាយដំណើបស្វាយក្លាយជាបង្អែមធម្មតាសម្រាប់ប្រជាជនឡាវនៃតំបន់មេគង្គ ដែលអង្ករដំណើបត្រូវបានដាំដុះពេញមួយប្រវត្តិសាស្ត្រនៃវប្បធម៌ម្ហូបអាហារ និងប្រពៃណី។   យោងតាមព័ត៌មានពីសៀវភៅ The Foreign Missionary វគ្គទី ៣៥ បោះពុម្ពនៅឆ្នាំ ១៨៧៦   អង្ករដំណើប ក៏ត្រូវបានប្រជាជនឡាវប្រើប្រាស់ជាមួយផ្លែឈើតាមបែបសាសនា ជាផ្នែកមួយនៃទំនៀមទម្លាប់ និងវប្បធម៌ប្រចាំថ្ងៃរបស់ពួកគេ។

យ៉ាងណាមិញ បច្ចុប្បន្ននេះបង្អែមបាយដំណើបស្វាយ គឺជាបង្អែមឬមុខម្ហូបប្រពៃណីរបស់ប្រជាជនថៃ ក៏ដូចជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ។ ពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានបាយដំណើបស្វាយ Khao Niew Mamuang គឺក្នុងអំឡុងរដូវក្តៅនៃខែមេសា ឧសភា និងខែកក្កដា ព្រោះជាពេលដែលផ្លែស្វាយទុំស្រស់ មានពណ៌លឿងភ្លឺ។  អង្ករដំណើបត្រូវចំហុយជាមួយទឹកដោះគោ និងទឹកដូងស្រស់ អំបិល និងស្ករមួយស្លាបព្រា។  ហាងខ្លះថែមទាំងអាចប្រើពណ៌ធម្មជាតិដើម្បីលាបពណ៌អង្ករ ដូចជាស្លឹកត្នោតសម្រាប់ពណ៌បៃតង និងសណ្តែកខៀវសម្រាប់ពណ៌ខៀវដើម្បីបង្កើនសោភណ្ឌភាព និងមានក្លិនក្រអូប៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ Thaiger, Lifestyle Asia Bangkok