វិស័យភាពយន្តកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់និស្សិត ក្នុងការចូលរួមបញ្ចេញស្នាដៃ


បច្ចុប្បន្នក្នុងប្រទេសកម្ពុជា វិស័យភាពយន្តកំពុងតែពង្រីកវិសាលភាពខ្លួនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងច្រើន ពិសេសគឺពីសំណាក់យុវវ័យ។  យ៉ាងណាមិញចំណីចក្ខុទាំងនេះ ភាគច្រើនគឺជាភាពយន្តជីវិត ដែលឆ្លុះបញ្ចាំងពីបញ្ហាដែលបានកើតឡើងពិតៗក្នុងសង្គមបច្ចុប្បន្ន។ ទន្ទឹមនឹងការរីកចម្រើននៃវិស័យនេះ ក៏ជាចំណែកមួយបានពីការចូលរួមរបស់ សិស្ស-និស្សិត និង​យុវវ័យ​ ដែលស្រលាញ់ពេញចិត្តការតែងនិពន្ធ ហើយបានបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់សាធារណជនតាមរយៈរឿងអប់រំខ្លីៗជាដើម។

កញ្ញា មឿន លាងអេង  ជានិស្សិតអក្សរសាស្ត្រខ្មែរ នាសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធមួយរូបនៅ Sastra Film  បានបង្ហាញចំណាប់អារម្មណ៍ចំពោះស្នាដៃដំបូងរបស់ខ្លួនដែលកំពុងផ្ទុះការចាប់អារម្មណ៍ គឺរឿង “ចាយលុយប្ដី” ថា៖ «ពីមុនមកខ្លួនមិនធ្លាប់មានបទពិសោធខាងវិស័យភាពយន្តអ្វីទេ មានត្រឹមថតជាវីដេអូអប់រំខ្លីៗនៅសាលារៀន ដោយទទួលបានការគាំទ្រពីមិត្តភក្ដិ និងលោកគ្រូ-អ្នកគ្រូផងនោះ ក៏គិតថាប្រហែលជាខ្លួនឯងអាចមានសមត្ថភាពខាងភាពយន្ត និងសង្ឃឹមថាអាចមានឱកាសបញ្ចេញស្នាដៃនៅពេលខាងមុខ»។  បន្ថែមពីលើនេះទៀត ចំពោះទេពកោសល្យតែងនិពន្ធដែលកញ្ញាមាននេះ គឺដោយសារដុងពីកំណើតផង និងទទួលបានពីការហ្វឹកហាត់បន្ថែមដោយខ្លួនឯងផងដែរ។

កញ្ញាបានបញ្ជាក់ថា« ស្នាដៃដំបូងរបស់ខ្លួននៅក្នុងទ្រនំ Sastra Film  មានចំណងជើងថា  “ចាយលុយប្ដី”  ដែលទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកទស្សនា ហើយវាក៏ជាកាតាលីករជម្រុញទឹកចិត្តខិតខំបង្កើតស្នាដៃក្រោយៗឱ្យកាន់តែល្អថែមទៀត។ ឯស្នាដៃទី២ គឺនឹងចេញផ្សាយជូនទស្សនានៅក្រោយចូលឆ្នាំប្រពៃណីខ្មែរហើយ។

កញ្ញា មឿន លាងអេង បានបង្ហើបថា ក្រៅអំពីការនិពន្ធជាខ្សែភាពយន្ត កញ្ញាក៏នឹងមានបំណងប្រលូកចូលខាងសិល្បៈចម្រៀង សម្ដែង និងនិពន្ធជាទំនុកច្រៀងបន្ថែមផងដែរ។

យ៉ាងណាមិញ កញ្ញាបានបង្ហាញការយល់ឃើញថា« ការតែងនិពន្ធទាមទារឱ្យមានបំណិនប្រសប់ក្នុងការសរសេរពាក្យពេចន៍ឃ្លាសម្ដី នឹងមាននូវចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងបញ្ហាជីវិតជាក់ស្ដែងរបស់មនុស្សផងដែរ។  ហេតុនេះសម្រាប់អ្នកមានបំណងចង់ចាប់អាជីពជាអ្នកនិពន្ធគប្បីខំពង្រឹងសមត្ថភាពលើផ្នែកនេះបន្ថែម»។

ជាចុងក្រោយ កញ្ញាលើកទឹកចិត្តឱ្យប្អូនៗជំនាន់ក្រោយដែលមាននិស្ស័យ ស្រលាញ់ និងចង់ឈរលើវិស័និពន្ធភាពយន្តពិតប្រាកដ សូមបន្តការខិតខំព្យាយាម ក្លាហានបញ្ចេញសមត្ថភាពខ្លួនឯង និងកុំបាក់ទឹកចិត្តនៅពេលបរាជ័យ ព្រោះបរាជ័យប្រៀបដូចជាមេរៀន ខំមួយពាន់ដងយ៉ាងហោចណាស់ក៏មានម្ដងដែលជោគជ័យដែរ។

ទាំងនេះជាបទពិសោធរបស់អ្នកនិពន្ធពន្លកថ្មីដែល យុវជនជំនាន់ក្រោយអាចយកជាគំរូ ឬ​ស្រង់យកគំនិតល្អៗរបស់អ្នកនិពន្ធដទៃ ដើម្បីទៅអភិវឌ្ឍខ្លួនលើវិស័យតែងនិពន្ធនេះបន្ថែមទៀត៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភពរូបភាព៖ Sastra Film