​«សកម្មភាពសប្បុរសធម៌ គួរផ្ដើមចេញពីស្មារតីយុវជន»


សកម្មភាពសប្បុរសធម៌ ជាទូទៅគឺជាផ្នែកមួយយ៉ាងសំខាន់ដែលបានរួមចំណែកជួយសម្រួលការរស់នៅរបស់មនុស្សដែលកំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ជំនួយរបស់របស់សប្បុរសជនជាពន្លឺថ្មីមួយដែលបណ្ដុះក្ដីសង្ឃឹមដល់មនុស្សដែលត្រូវការជំនួយពិតប្រាកដ។  ក្នុងនោះ ប្រជាជនខ្មែរយើងភាគច្រើន តែងប្រកាន់វប្បធម៌ចែករំលែក មានទឹកចិត្តល្អ ចេះជួយគ្នា។ ពិសេស បច្ចុប្បន្ននេះសង្កេតឃើញថាយុវជនរបស់យើង បានងាកមកចាប់អារម្មណ៍ និងចូលរួមយ៉ាងផុសផុលក្នុងសកម្មភាពមនុស្សធម៌នានា ដែលជាការមួយកាន់តែជំរុញឱ្យពួកគាត់មានឆន្ទៈក្នុងការចែករំលែកដល់មនុស្សផងគ្នា។

និស្សិតសិក្សាជំនាញច្បាប់មួយរូប លោក ជាស ពេទ្យ ​ជាយុវជនម្នាក់ ដែលតែងផ្ដើមគំនិតក្នុងការដឹកនាំយកសម្ភារសិក្សាចុះទៅជួយក្មេងៗតាមបណ្ដាខេត្តផ្សេងៗ បានប្រាប់ឱ្យដឹងថា « ខ្ញុំបានដឹកនាំធ្វើសកម្មភាពមនុស្សធម៌នេះតាំងពីឆ្នាំ២០២០មក   ហើយពួកយើងមិនមានក្រុមជាក់លាក់នោះទេ ពីព្រោះជាធម្មតា ក្រោយពេលបានដំណឹងថាតំបន់ណាមានការខ្វះខាតច្រើន ខ្ញុំក៏ចាត់ចែងសរសេរគម្រោងនៃការសកម្មភាពមនុស្សធម៌នេះ ផុសលើបណ្ដាញសង្គម។ ដូច្នេះជំនួយមួយចំនួនធំ គឺបានមកពីយុវជន ក៏ដូចជាសប្បុរសជននានា ដែលគាត់បានចូលរួមដោយផ្ទាល់ ឬក៏ចូលរួមជាថវិកា  សម្ភារសិក្សា និងក៏សម្ភារប្រើប្រាស់ផ្សេងៗក្នុងគម្រោងនេះ»។

លោក ជាស ពេទ្យ

លោកបញ្ជាក់ថា« ការធ្វើរបស់ពួកយើងគឺមិនមានជំនួយពីអង្គការ ស្ថាប័នណាឡើយ យើងយកថវិកាក៏ដូចជាសម្ភារសិក្សាដែលយុវជនបានចូលរួមខ្លះ ហើយមួយចំនួនទៀតគឺខ្ញុំជាអ្នករ៉ាប់រងផ្ទាល់។  ខ្ញុំមានឆន្ទៈក្នុងការចែករំលែក ទោះបីជាមិនបានច្រើន តែយ៉ាងហោចណាស់តាមរយៈសកម្មភាពនេះ ក៏ជាចំណែកមួយក្នុងការជួយលើកកម្ពស់ការអប់រំដល់ក្មេងៗដែលកំពុងជួបការលំបាក ក៏ដូចជាជួយសម្រួលឱ្យពួកគាត់មានលទ្ធភាពបន្តការរៀនសូត្រដូចក្មេងៗដទៃ ទន្ទឹមនឹងនោះ មួយចំណែកនៃសកម្មភាពមនុស្សធម៌របស់យើងគឺជួយដល់មនុស្សចាស់ជរាក្រីក្រ ជនទុរគតជនជាដើម»។

យុវជនរូបនេះបានបន្តថា «ការចែករំលែករបស់ពួកយើងមានដូចជា សម្ភារសិក្សាក្មេងៗ និង គ្រឿងបរិភោគសម្រាប់ចាស់ជរាប៉ុណ្ណោះ​ យើងមិនទាន់មានលទ្ធភាពធ្វើអ្វីលើសពីនេះឡើយ។  ក្នុងមួយខែយើងអាចធ្វើពី ១-២ ដងដែរ ទៅតាមបណ្ដាខេត្តផ្សេងគ្នា អាស្រ័យតាមពេលវេលាទំនេរ តិច​ឬច្រើន»។

យ៉ាងណាមិញ លោក ជាស ពេទ្យ បានបង្ហើបថា«ខ្ញុំនៅតែរក្សាគោលជំហរក្នុងដំណើរសប្បុរធម៌នេះ ដោយសង្ឃឹមថា ការជួយដ៏តិចតួចនេះគឺពិតជាអាចរួមចំណែកកាត់បន្ថយភាពលំបាករបស់អ្នកដែលកំពុងត្រូវការជំនួយ។ ក្រៅពីការងារនេះ ថ្ងៃមុខខ្ញុំក៏មានគោលបំណងចង់បង្កើតបណ្ណាល័យនៅតាមបណ្ដាខេត្ត-ក្រុងនានា ដើម្បីអាចផ្ដល់ឱកាសដល់យុវជនខ្មែរអាចចូលអាន ចូលសិក្សាស្រាវជ្រាវដោយឥតគិតថ្លៃ»។  នេះគឺជាស្មារតីនៃការចែករំលែក ក៏ដូចជាគម្រូភាពមួយដែល បំផុសឱ្យយុវជនខ្មែរយើង ងាកមកចង់ចូលរួមជួយសង្គមជាតិខ្លួនតាមរយៈសកម្មភាពមនុស្សធម៌  ព្រោះវាមិនមែនមានន័យត្រឹមតែជួយប៉ុណ្ណោះទេ ប៉ុន្តែក៏បាន បណ្តុះនូវក្ដីស្រាលញ់ សីលធម៌ និង សាមគ្គីភាពរវាងមនុស្សនៅក្នុងសង្គមផងដែរ៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA