ទស្សនៈនិស្សិត ជុំវិញសញ្ញាវិជ្ជមានមួយរវាងកម្ពុជា-ថៃ ក្នុងការស្ដារវិស័យទេសចរណ៍


កាលពីពេលថ្មីៗនេះ ដោយយោងតាម ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia បានឱ្យដឹងថា  ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air បានចុះចតលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ រាជធានីបាងកក ប្រទេសថៃដែលការហោះហើរនេះចំណាយពេលអស់១ម៉ោង១០នាទី។  អ្នកជំនាញរំពឹងថាវាជាសញ្ញាវិជ្ជមានថ្មីមួយដែលជំរុញសន្ទុះនៃការស្ដារវិស័យទេសចរណ៍ឡើងវិញ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ។

ការចុះចតជើងដំបូងនេះត្រូវបានទទួលស្វាគមន៍ដោយភាគីកម្ពុជាយ៉ាងគគ្រឹកគគ្រេង ដែលមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល   ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន  លោក ពញ្ញារក្ស ពលទ័ព (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោក អាឡាំង ប្រង់ (Alian BRUN) នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា  ខណៈខាងប្រតិភូរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air  ដឹកនាំដោយលោក វរង្គនាថ ឡាប្រាបាង (Woranate Laprabang) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air។ នាឱកាសនោះដែរ  លោក វរង្គនាថ ឡាប្រាបាង បានថ្លែងថា៖« យើងមានទំនុកចិត្តថាសេវាកម្មថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ការរស់ឡើងវិញនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល»។

យុវនិស្សិត ហៀក សុផាណេត

ជុំវិញប្រសាសន៍លើកឡើងរបស់អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Airនេះ យុវនិស្សិត ហៀក សុផាណេត សព្វថ្ងៃជានិស្សិតឆ្នាំទី៤  ជំនាញ សេដ្ឋកិច្ចហិរញ្ញវត្ថុ បានបង្ហាញការយល់ឃើញថា៖ «ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាលើកដំបូងមកកាន់កម្ពុជាក្នុងឆ្នាំ២០២២នេះ គឺវាពិតជាសញ្ញាថ្មីមួយដែលអាចជួយឱ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាមានសន្ទុះឡើងវិញពិតមែន ព្រោះនៅពេលមធ្យោបាយធ្វើដំណើរមកលេងកម្ពុជា មានភាពងាយស្រួល មុខជាអាចទាក់ទាញភ្ញៀវអន្តរជាតិមកកំសាន្តច្រើនមិនខាន នៅពេលនោះប្រជាជនយើងក៏អាចរកចំណូលបានពីការបម្រើសេវាកម្មផ្សេងៗ មិនថាតែជាអ្នកលក់ដូរ អ្នកដឹកជញ្ជូន មគ្គុទេសក៍ សណ្ឋាគារ ពួកគាត់សុទ្ធតែអាចប្រកបរបរទាំងនេះឡើងវិញ ក្រោយពីការបិទទ្វារអស់រយៈពេល២ឆ្នាំមកហើយ»។ កញ្ញាបន្តថា «ដោយសារជំងឺកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកមានការធ្លាក់ចុះ កម្ពុជាយើងក៏ត្រូវបាត់បង់ចំណូល១ភាគធំពីវិស័យទេសចរណ៍ដែរ ហេតុដូចនេះយើងរំពឹងថាសញ្ញាវិជ្ជមានថ្មីនេះពិតជាចំណុចផ្ដើមដ៏ល្អមួយដែលអាចនាំកម្ពុជាត្រលប់ទៅស្ថានភាពដើមវិញ»។

កញ្ញា អឿន ស្រីសុខ

​ដោយឡែក កញ្ញា អឿន ស្រីសុខ ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញទេសចរណ៍ បានលើកឡើងថា៖ « ចំណងមិត្តភាពរវាងខ្មែរ និងថៃនឹងកាន់តែមានភាពជិតស្និទ្ធជាងពីមុនដោយសារការហោះហើរមកកម្ពុជាដំបូងគេនេះ  ដ្បិត២ឆ្នាំនៃជំងឺកូវីដ១៩ វិស័យទេសចរណ៍ មានការធ្លាក់ចុះយ៉ាងខ្លាំង  មានត្រឹមតែភ្ញៀវក្នុងស្រុកប៉ុណ្ណោះ ដែលវាមិនទាន់គ្រប់គ្រាន់នៅឡើយសម្រាប់វិស័យមួយនេះ ហើយវាក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិដែរ»។ ​ កញ្ញាបន្តថា ៖ « សញ្ញាវិជ្ជមានថ្មីនេះ គឺកំពុងបើកភ្លើងខៀវឱ្យបរទេសងាកមកចាប់អារម្មណ៍ធ្វើដំណើរកំសាន្តមកកាន់កម្ពុជាជាថ្មី កាលណាភ្ញៀវអន្តរជាតិកើនឡើង នោះមិនត្រឹមតែអាចជួយប្រជាជននៅតាមតំបន់ទេសចរណ៍មានការងារធ្វើឡើងវិញទេ តែភ្ញៀវទេសចរក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយបន្តអំពីសក្ដានុពលតំបន់ទេសចរណ៍ខ្មែរ ទៅបរទេសផ្សេងៗទៀត ដែលវាជាចំណុចមួយទាក់ទាញចំនួនភ្ញៀវអន្តរជាតិកាន់តែច្រើនឡើងៗ​ ឯសេដ្ឋកិច្ចជាតិដែលទទួលបានពីវិស័យទេសចរណ៍ក៏កាន់តែរីកចម្រើនតាមនោះដែរ»។

យុវនិសិ្សតរូបនេះបានបន្តថា៖ «ជុំវិញការពង្រឹងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចប្រទេសឡើងវិញ យើងសង្ឃឹមថា ប្រជាជនក៏ដូចជាស្ថាប័នពាក់ព័ន្ធនឹងបន្តពង្រីកកែច្នៃរមណីយដ្ឋានទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាពង្រឹងផ្នែកសេវាកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត»៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia