ការកសាងសុខសន្តិភាពមិនមែនជាការងាយស្រួល តែការរក្សាសន្តិភាពឱ្យមានស្ថេរភាពកាន់តែរឿងដ៏លំបាក!
កាលពីពេលថ្មីៗនេះ តាមរយៈកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងគំនិតដ៏គួរពិចារណាថា «តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា»?
ឯកឧត្តម បានបន្តថា «អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចារស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្សប្រជាជនកម្ពុជា។»
ជុំវិញប្រសាសន៍លើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី គឺចង់បង្ហាញពីតួនាទីសំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុសង្គមជាតិ ដែលបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពមិនមែនបានមកដោយចៃដន្យនោះទេ គឺវត្តមានគណបក្សប្រជាជនកម្ពុជាស្ថិតនៅជាមួយប្រជាជនជានិច្ច ក្នុងការស្វែងរកនូវដំណោះស្រាយ នាំនាវាកម្ពុជាទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
ជាការពិត ប្រទេសជាតិនីមួយ តែងចង់បាននូវការរីកចម្រើន និងសុខសន្តិភាព ប៉ុន្តែសកម្មភាពនៃដំណើរការកសាងសន្តិភាពមិនមែនជាការងាយស្រួលនោះទេ ហើយលើសពីនេះទៅទៀតការរក្សាសន្តិភាពឱ្យបានយូរអង្វែងគឺជាការដ៏លំបាក។ ប្រទេសកម្ពុជាយើង ជាប្រទេសដ៏ចំណាស់មួយនៃដែនដីអាស៊ីអាគ្នេយ៍។ ក្នុងរយៈកាលដ៏យូរនេះ មនុស្សជាតិនៃដែនដីសុវណ្ណភូមិបានហែលឆ្លងទាំងទុក្ខលំបាកបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដក់ជាប់ក្នុងប្រវត្តិសាស្រ្ត ទន្ទឹមនឹងនេះ យើងក៏ធ្លាប់បានឆ្លងកាត់ទាំងការរីកចម្រើន ភាពសុខសាន្តមកហើយដែរ។ យ៉ាងណាមិញ ក្នុងអតីតកាលសុខសន្តិភាពបានកើតឡើងក្នុងរយៈពេលខ្លី ហើយជំនួសមកវិញដោយវិនាសកម្ម ដោយកត្តាគ្រោះធម្មជាតិ សង្រ្គាមជាមួយបរទេស សង្គ្រាមស៊ីវិល ក៏ដូចជាបញ្ហាប្រឈមនានា បង្កជាផលរំខានដល់ដំណើរឈានទៅមុខរបស់យើង។
ដោយឡែកក្នុងរយៈពេល ៥ សតវត្សរ៍ចុងក្រោយ កម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញរយៈពេលជាង២ទសវត្សរ៍ ដែលរាប់ថាជាសមិទ្ធផលដ៏មិនអាចកាត់ថ្លៃបាន ជាលទ្ធផលឆ្លើយតបទៅនឹងការខំពុះពារតតាំងរួមគ្នារបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជាតិទាំងមូល ក្នុងការហែលឆ្លងរហូតដល់ចំណុចនេះ រក្សាបាននូវស្ថេរភាពនៃសន្តិភាព និងនាំមកនូវវឌ្ឍនភាពដ៏ប្រសើរដល់កម្ពុជាបច្ចុប្បន្ន៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Hun Many