វិស័យកាត់ដេរផលិតស្បែកជើង និងកាបូប ជាវិស័យអាទិភាពក្នុងផែនការស្ដារសេដ្ឋកិច្ចជាតិ


ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ គឺជាកិច្ចការចម្បងមួយរបស់កម្ពុជាក្នុងដំណាក់កាលនេះ។ ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ផ្ដល់កាលានុវត្តភាពដល់ការដាក់ចេញនូវយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ ដើម្បីសម្រេចនូវសក្ដានុពលលើវិស័យអាទិភាពនានាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។ ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ដែលតម្រូវឱ្យមានការដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ឆ្នាំ២០២១-២០២៤ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមរយៈផែនការអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ត្រូវបានរំពឹងថានឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀត។ ជាក់ស្ដែងកាលពីថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវៈ បានជួបជាមួយឧកញ៉ា គង់ ស៊ាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានជួបពិភាក្សាគ្នាលើទិសដៅនៃការរក្សានិរន្តរភាពការងារ នៃកំណើនលើវិស័យនេះ ដើម្បីបន្តជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនេះ ឧកញ៉ា គង់ ស៊ាង បានមាន​ប្រសាសន៍ថា «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាំងពីដើមរហូតមកនេះ​នៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយ សម្រាប់វិស័យរបស់យើងដែលជាវិស័យអតិពលកម្ម។ បើវិស័យការងារមានភាពច្របូកច្របល់ហើយនោះ វិស័យនេះនឹងមិនមាននិរន្តរភាព និងកំណើនបានឡើយ ទោះបីជាផ្នែកផ្សេងទៀត ល្អយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ការសម្របសម្រួលបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយដែលល្អប្រសើរ និងមានភាពចាស់ទុំ នាំមកនូវស្ថេរភាពផលិតកម្ម។ ក្នុងអំឡុងពេលកូវីដនេះ គោលនយោបាយចាក់វ៉ាក់សាំងដ៏ត្រឹមត្រូវរបស់សម្តេចតេជោ រួមនឹងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការងារ បានធានាដល់ស្ថេរភាពផលិតកម្ម និងកំណើននៃការនាំចេញ»។

លោកឧកញ៉ា បញ្ជាក់បន្ថែមថា «ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាម៉េរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត។ បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើងចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២»។

ជុំវិញបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានគូសបញ្ជាក់ថា «សមាគមមួយនេះ បានដំណើរការ ២៥ឆ្នាំកន្លងមកហើយ បានដើរតួនាទីជាតំណាងសម្លេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានា ជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើនដែលមានផលប៉ះពាល់ជាសក្តានុពលដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កន្លងមកនេះ សមាគម បានចូលរួមសហការយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ, ក្រសួងពាណិជ្ជកម្ម, ក្រសួង ស្ថាប័នពាក់ព័ន្ធ, អង្គការអន្តរជាតិខាងការងារ, សហជីព និងដៃគូរសង្គមនានា ដើម្បីរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច សង្គមកម្ពុជា ទទួលបានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន»៕

ដោយ៖ ផាត់ គឹមឆែ

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ