ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកកំណែទម្រង់ក្នុងវិស័យអប់រំជាការផ្លាស់ប្ដូរឥរិយាបទ និងផ្នត់គំនិតដ៏ធំសម្រាប់សង្គមជាតិ


ដោយ៖ ផាត់ គឹមឆែ

ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩នេះ រាជរដ្ឋាភិបាល រួមទាំងក្រសួងពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងលើកកម្ពស់គុណភាពនៃការអប់រំដល់សិស្សានុសិស្សទាំងឡាយ ឱ្យទទួលបាននូវចំណេះដឹងប្រកបដោយប្រសិទ្ធភាព តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការអប់រំក្នុងបរិបទថ្មីនេះផងដែរ។

យោងតាមប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន នៅក្នុងកិច្ចប្រជុំជាមួយ គណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ   វិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ឯកឧត្តមបានគូសបញ្ជាក់អំពីការតាំងចិត្ត ក្នុងការឈានឆ្ពោះទៅកាន់ដំណាក់កាលទីបី នៃផែនការកំណែទម្រង់ ដែលសកម្មភាពអាទិភាពទាំងនោះរួមាន ការពង្រឹងការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការដាក់ឱ្យអនុវត្តនូវរង្វាយតម្លៃការងារប្រចាំឆ្នាំ ការបង្កើតឱកាស និងអនុវត្តគន្លងអាជីពក្នុងវិស័យអប់រំ ការគ្រប់គ្រងផ្ដោតលើលទ្ធផល ការបង្កើតក្រុមជំនាញចុះជួយ និងគាំទ្រដល់សាលារៀន និងកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។

ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានកត់សម្គាល់ពីការវិវត្តនៃវិស័យអប់រំនៅកម្ពុជា នៅក្នុងបរិបទកូវីដ-១៩ និងវិធានការនានាជាច្រើនដែលក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញជាបន្តបន្ទាប់ទាន់ពេលវេលា ប្រកបដោយការគិតគូរខ្ពស់ដោយម្ខាង ដើម្បីធានាដល់សុខមាលភាពរបស់សិស្ស និស្សិត និងបុគ្គលិកអប់រំ និងម្ខាងទៀតធានាដល់និរន្តភាពនៃការសិក្សារបស់សិស្សគ្រប់កម្រិតទូទាំងប្រទេស។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡាដោយបានមានប្រសាសន៍ថា៖ «ក្នុងកាលៈទេសៈដែលជម្រើសរបស់យើងមានតិច រាជរដ្ឋាភិបាលបានខិតខំពុះពារធ្វើយ៉ាងណាធានាថា ការអប់រំនៅតែបន្តសម្រាប់​សិស្សានុសិស្ស»។ ឯកឧត្តម បានបន្តថា ខណៈដែលមានការប្រឈមនឹងស្ថានភាពវិវត្តថ្មីមិនធ្លាប់ជួបប្រទះពីមុន ​ក្រសួងបានគិតគូរ ប្រើប្រាស់ និងកែច្នៃអ្វីដែលមានក្នុងដៃអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីបម្រើជាប្រយោជន៍ក្នុងការឆ្លើយតបនឹងតម្រូវការជាក់ស្ដែងជាបន្តបន្តាប់ក្នុងវិស័យអប់រំកម្ពុជា»។

ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសាទរចំពោះជោគជ័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយបានចាត់ទុកកំណែទម្រង់នេះថា មិនត្រឹមតែកំណែទម្រង់ទិន្នន័យភាពយុត្តិធម៌នៃការប្រឡងនោះទេ តែវាជាការផ្លាស់ប្ដូរឥរិយាបទ និងផ្នត់គំនិតធំណាស់សម្រាប់សង្គមជាតិដោយផ្ដោតទៅលើការពឹងលើសមត្ថភាពរបស់ខ្លួនរៀងៗខ្លួន ដើម្បីសម្រេចបាននូវលទ្ធផល ពោលគឺអ្នកចេះ គឺជាប់៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ គណៈកម្មការទី៧នៃរដ្ឋសភា Commission 7 of the National Assembly