ប្រលោមលោក «រាជនីសំឡេងមាស» របស់អ្នកស្រី រស់ សេរីសុទ្ធា ទទួលបានការចរចាសិទ្ធិបកប្រែជាភាសាខ្មែរ


ដោយ៖ ផេង ផល្លា

ទសវត្សរ៍ទី៦០ និង៧០ ជាសម័យកាលវេទមន្តមួយក្នុងប្រវត្តិសាស្ត្រតន្រ្តីកម្ពុជា។ សិល្បករសំឡេងមាសជាច្រើនរូបបានរួបរួមគ្នាបំពេអារម្មណ៍ប្រិយមិត្ត តាមរយ:សំនៀងដ៏ក្រអួនក្រអៅរបស់ខ្លួន។ បើទោះបីជាម្ចាស់សំឡេងបានចាកចេញឆ្ងាយហើយក៏ពិតមែន ប៉ុន្តែទឹកដមសំឡេងពួកគាត់នៅតែឮរងំក្នុងត្រចៀក ដក់ជាប់ចិត្តអ្នកស្ដាប់ទាំងក្នុងនិង ក្រៅប្រទេសឱ្យគ្មានថ្ងៃបំភ្លេចឡើយ។

អ្នកស្រី រស់ សេរីសុទ្ធា គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយបំផុតរបស់កម្ពុជាក្នុងប្រវត្តិសាស្ត្រតន្ត្រីនាទសវត្សរ៍ ៦០ និង៧០។  ជាការចងចាំនូវកិត្តិនាមលើវិស័យចម្រៀងដ៏ល្អឯករបស់អ្នកស្រី អ្នកនិពន្ធកម្មវិធីទូរទស្សន៍ជនជាតិអាមេរិកកាំងឈ្មោះ លោក ហ្ក្រិកហ្កូរី ខាហ៊ីល បាននិពន្ធជាប្រលោមលោកបែបឆាករូបភាព ដែលមានចំណងជើងថា «រាជនីសំឡេងមាស ឬ  THE GOLDEN VOICE»​ ដែលជាប្រលោមលោកបែបក្រាហ្វិចបរិយាយអំពីជីវិត និង​អាជីពរបស់កំពូលតារាចម្រៀងស្រីអ្នកស្រី រស់ សេរីសុទ្ធា។ បទចម្រៀងរាប់រយបទដែលបានបង្ហើរនៅចន្លោះឆ្នាំ១៩៦៧ និង១៩៧៥ ធ្វើឱ្យអ្នកស្រីបានទទួលគោរមងារពីព្រះប្រមុខរដ្ឋខ្មែរ សម្ដេច នរោត្ដម សីហនុ ជារាជនីសំឡេងមាសនៃកម្ពុជា។ គួរឱ្យសោកស្ដាយ ដូចសិល្បករជាច្រើនទៀតដែរ គឺអ្នកស្រីបានស្លាប់បាត់បង់ជីវិតក្នុងសម័យរបបខ្មែរក្រហម។

ថ្មីៗនេះតាមរយៈហ្វេសបុកផេកផ្លូវការរបស់ The Golden Voice បានឱ្យដឹងថា«រាជនីសំឡេងមាស » គឺទទួលបានសិទ្ធិចរចាបកប្រែជាភាសាខ្មែរដោយ គ្រឹះស្ថាន «អវតា» នេះជាដំណឹងដ៏សោមនស្សរីករាយមួយសម្រាប់យុវជនខ្មែរដែលស្រលាញ់គាំទ្រស្នាដៃមរតកដើម។

អ្នកស្រី ហួត សុជាតា ដែលជាស្ថាបនិកគ្រឹះស្ថាន អវតា បានលើកឡើងថា «ថ្ងៃដែលខ្ញុំឃើញថា ជីវិតរបស់អ្នកស្រី រស់ សេរីសុទ្ធា ត្រូវលាតត្រដាងតាមរយៈសៀវភៅប្រលោមលោកឆាករូបភាពប្រកបដោយគុណភាព​ ជាមួយរូបភាពល្អរស់រវើក វាជាថ្ងៃដែលខ្ញុំរំភើបបំផុត។ គាត់ស័ក្ដិសមនឹងទទួលបានការគោរព និងទទួលស្គាល់ពីគ្រប់ មជ្ឈដ្ឋាន។ ជាចៃដន្យ ឬវាសនាដែលខ្ញុំបានក្លាយជាអ្នកបោះពុម្ពសៀវភៅមួយក្បាលនេះជាភាសាខ្មែរ វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់ខ្ញុំ»។

ដោយឡែកលោក ហ្រ្កិកហ្កូរី ខាហ៊ីល ដែលជាអ្នកនិពន្ធប្រលោមលោកឆាករូបភាព «រាជនីសំឡេងមាស»បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមានចិត្តសោមនស្សរីករាយឥតឧបមាដែលស្នាដៃរបស់អ្នកស្រី រស់ សេរីសុទ្ធា ផ្សព្វផ្សាយបន្តពីមួយជំនាន់ទៅមួយជំនាន់។ ការសាទរយ៉ាងខ្លាំងក្លាពីសំណាក់យុវជនកម្ពុជា គឺជារឿងរំភើបមិនគួរឲ្យជឿ។ ខ្ញុំមានអារម្មណ៍ថា សៀវភៅមួយក្បាលនេះកំពុងតែធ្វើដំណើរសន្សឹមៗទៅកាន់មាតុភូមិរបស់ខ្លួនវិញហើយ»។

គួរបញ្ជាក់ផងដែរថា លោក​ហ្រ្កិកហ្កូរី ខាហ៊ីល បាននិពន្ធប្រលោមលោកបែបក្រាហ្វិចនេះឡើងជាភាសាអង់គ្លេស​ ព្រមទាំងមានការសហការរចនាជារូបភាព ដោយវិចិត្រករអាមេរិកកាំង អ្នកនាង​ ខេត បូម៉ាន់ ដែលការចេញផ្សាយជាភាសាខ្មែរនឹងគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២២ នៅភ្នំពេញ៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ The Golden Voice