FTA នឹងពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មនៅក្នុងទីផ្សារកម្ពុជា ក្រោយកិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េខាងត្បូង។
ដោយ៖ ផាត់ គឹមឆែ
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី បានឡាយព្រះហស្តលេខា លើច្បាប់ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញ បង្កើនផលិតផលក្នុងស្រុកសរុប និងការងារ និងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។
កិច្ចព្រមព្រៀងនេះនឹងជំរុញបន្ថែមទៀតនូវការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មផងដែរ។ FTA ត្រូវបានពិភាក្សា និងព្រាងដោយក្រុមការងារជំនាញរបស់ប្រទេសទាំងពីរក្នុងឆ្នាំ ២០២១។ វាត្រូវបានចុះហត្ថលេខាជាផ្លូវការតាមរយៈសន្និសីទវីដេអូ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងសមភាគីកូរ៉េខាងត្បូងលោក YEO Han-Koo កាលពីថ្ងៃទី ២៦ ខែតុលាកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា កម្ពុជាដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក៏បានបង្កើតទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូង តាមរយៈកិច្ចសហប្រតិបត្តិការល្អយ៉ាងច្រើន។ ក្នុងនោះកាលពីពេលកន្លងទៅ មេដឹកនាំនៃប្រទេសសមាជិកអាស៊ាន និងកូរ៉េបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើការតភ្ជាប់រួមទាំងទីក្រុងឆ្លាតវៃក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី ២២ ដែលបានធ្វើឡើងកាលពីខែវិច្ឆិកាឆ្នាំមុន។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើការតភ្ជាប់រូបវន្ត និងឌីជីថល ដើម្បីធ្វើឱ្យអាស៊ានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ទាក់ទាញរបស់កូរ៉េខាងត្បូង។
តាមរយៈភាគីកូរ៉េ បានចាត់ទុកថា ទាំងនេះគឺជាគន្លឹះតភ្ជាប់អាស៊ានដើម្បីវិបុលភាព។ ទន្ទឹមគ្នានេះ FTA នឹងពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មនៅក្នុងទីផ្សារកម្ពុជា រួមទាំងទីផ្សារអាស៊ានទាំងមូល បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)៕
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Fibre2Fashion, The Korea Kerald