បន្ទាប់ពីអូមីក្រុង ទំនងជាមានវីរុសបម្លែងថ្មីលេចឡើងជាបន្តបន្ទាប់ទៀត បើយោងតាមWHO

ដោយ៖ ផាត់ គឹមឆែ

កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោកបានលើកឡើងថា ជំងឺរាតត្បាតទំនងជានឹងមិនបញ្ចប់ត្រឹម​វីរុសomicronទេ ខណៈដែលមានការព្រមានថាកម្រិតខ្ពស់នៃការឆ្លងនៅជុំវិញពិភពលោកទំនងជានឹងនាំឱ្យមានការប្រែប្រួលថ្មីនៅពេលដែលវីរុសផ្លាស់ប្តូរ។

ការឆ្លងថ្មីបានកើនឡើង ២០% នៅទូទាំងពិភពលោកក្នុងសប្តាហ៍មុន ជាមួយនឹងករណីរាយការណ៍សរុបជិត ១៩ លានករណី នេះបើយោងតាមអង្គការសុខភាពពិភពលោក។ លោកវេជ្ជបណ្ឌិត Bruce Aylward ដែលជាមន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានព្រមានថាកម្រិតខ្ពស់នៃការឆ្លងផ្តល់ឱកាសកាន់តែច្រើនឱ្យមេរោគមានលទ្ធភាពក្នុងការចម្លង និងផ្លាស់ប្តូរ ដោយបង្កើនហានិភ័យដែលវីរុសថ្មីនឹងលេចឡើង។

លោកស្រី Van Kerkhove ជាអ្នកបច្ចេកទេសនៃជំងឺឆ្លង ក្នុងអង្គការសុខភាពពិភពលោកបាននិយាយថា ឥឡូវនេះមិនមែនជាពេលវេលាដែលយើងអាចបន្ធូរបន្ថយវិធានការសុខភាពសាធារណៈ ដូចជាការទប់ស្កាត់ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នានោះទេ។  លោកបានអំពាវនាវដល់រដ្ឋាភិបាលនានាឱ្យពង្រឹងវិធានការទាំងនោះ ដើម្បីឱ្យ យើងអាចគ្រប់គ្រងមេរោគនេះបានកាន់តែប្រសើរឡើង និងទប់ស្កាត់រលកនៃការឆ្លងនាពេលអនាគត នៅពេលដែលមានការប្រែប្រួលថ្មីៗលេចឡើង។

ប្រភពដដែលបញ្ជាក់ថា ប្រសិនបើយើងមិនធ្វើឥឡូវនេះទេ យើងនឹងបន្តទៅកាន់វិបត្តិដែលកើតមានបន្តបន្ទាប់ទៀត ហើយយើងត្រូវបញ្ចប់វិបត្តិដែលយើងកំពុងមាន។ យើងអាចធ្វើវាបាននៅពេលបច្ចុប្បន្ន ដូច្នេះកុំបោះបង់ចោលវិទ្យាសាស្ត្រ កុំបោះបង់ចោលយុទ្ធសាស្ត្រដែលកំពុងដំណើរការ ដែលធ្វើឲ្យយើង និងមនុស្សជាទីស្រលាញ់របស់យើងមានសុវត្ថិភាព។ 

យ៉ាងណាមិញ ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅអង្គការសុខភាពពិភពលោកបានលើកឡើងថា យើងពិតជាមិនអាចបញ្ចប់មេរោគកូវីដ-១៩ត្រឹមឆ្នាំ២០២២នេះបានទេ ប៉ុន្តែយើងអាចមានឱកាសបញ្ចប់គ្រាអាសន្នផ្នែកសុខភាពសាធារណៈនៅឆ្នាំនេះ​ ប្រសិនបើអតុល្យភាពនៃការចាក់វ៉ាក់សាំង និងការមានថ្នាំបង្ការ ត្រូវបានដោះស្រាយបានឆាប់រហ័ស៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ U.S. News, CNBC