លោក Thaksin រួចផុតពីការតាមដានតាមផ្លូវច្បាប់ ក្រោយព្រះមហាក្សត្រថៃប្រទានការលើកលែងទោសជាពិសេស
អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra នឹងត្រូវបានដោះលែងពីទោសដែលនៅសេសសល់ បន្ទាប់ពីទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្ស។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ចុះផ្សាយនៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោក Thaksin ដែលទើបត្រូវបានដោះលែងដោយមានលក្ខខណ្ឌ (Parole) កាលពីខែមុន បន្ទាប់ពីអនុវត្តទោសបាន ៨ ខែ នៅតែមានរយៈពេលជាង ៣ ខែទៀតនៃទោសជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ដែលគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
យោងតាមរាជកិច្ច (Royal Gazette) ដែលបានចេញផ្សាយកាលពីយប់ថ្ងៃអង្គារ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានប្រទានការលើកលែងទោសដល់អ្នកទោសមួយចំនួន ក្នុងឱកាសប្រារព្ធពិធីគម្រប់ខួប ៤៨ ព្រះវស្សារបស់ម្ចាស់ក្សត្រីយានី Suthida នៅថ្ងៃទី៣ ខែមិថុនា នេះ។
ទោះជាយ៉ាងណា លោកThaksin Shinawatra នៅមាននីតិវិធីរដ្ឋបាលមួយចំនួនដែលត្រូវបំពេញជាមុនសិន មុនពេលការដោះលែងត្រូវបានអនុវត្តជាផ្លូវការ និងអនុញ្ញាតឱ្យលោកដកឧបករណ៍តាមដានអេឡិចត្រូនិកចេញ។
គួរបញ្ជាក់ថា លោក Thaksin Shinawatraមាន វ័យ ៧៦ ឆ្នាំ បានវិលត្រឡប់មកកាន់ប្រទេសថៃកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសខ្លួនដោយស្ម័គ្រចិត្តអស់រយៈពេល ១៥ ឆ្នាំ។ លោកបានវិលត្រឡប់មកដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពាក់ព័ន្ធនឹងករណីទំនាស់ផលប្រយោជន៍ និងការប្រើប្រាស់អំណាចខុសច្បាប់ ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ក្រោយមក ទោសរបស់លោកត្រូវបានបន្ថយពី ៨ ឆ្នាំ មកនៅត្រឹម ១ ឆ្នាំ តាមរយៈព្រះរាជទានបន្ធូរបន្ថយទោស។
យ៉ាងណាមិញ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ លោក Thaksin Shinawatra ត្រូវបានគេចាត់ទុកថាជាបុគ្គលនយោបាយម្នាក់ដែលមានឥទ្ធិពល និងបង្កភាពចម្រូងចម្រាសខ្លាំងបំផុតក្នុងនយោបាយថៃ ដោយបានជះឥទ្ធិពលលើរដ្ឋាភិបាលជាច្រើន។
ប្រភព៖ Reuter












