ចំណាប់អារម្មណ៍និស្សិតចំពោះការបើកដំណើរការសាលាឡើងវិញ


ដោយ៖ សន ស្រីពេជ្រ

ក្រោយពីដាក់ឱ្យអនុវត្តវិស្សមកាលតូចមុនកាលកំណត់ និងការដាក់ឱ្យបន្តវិស្សមកាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើតាមសេចក្ដីណែនាំ ស្ដីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានបឋមសិក្សាក្នុងដំណាក់កាលទី២ របស់ក្រសួងអប់រំ យុវជន និងកីឡា លេខ៣៨ អយក.សណន និងសេចក្ដីណែនាំ ស្ដីពី ការបើកដំណើរការឡើងវិញគ្រឹះស្ថានឯកជនក្នុងដំណាក់កាលទី២ របស់ក្រសួងអប់រំ យុវជន និងកីឡា លេខ៤៣ អយក.សណន ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះបានអនុញ្ញាតឱ្យថ្នាក់បឋមសិក្សា កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ (ថ្នាក់ទី៩ និងទី១២)  បើកដំណើរការឡើងវិញនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។ ដោយឡែកថ្នាក់ឧត្តមសិក្សា កំពុងតែនឹងត្រៀមបើកដំណើរការដូចគ្នា។ លើសពីនេះទៅទៀត ដំណើរការនៃការបើកសាលានេះ អាចដំណើរការទៅបានក៏ដោយសារតែកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៧,៧៤%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់និស្សិតដែលមានចំពោះការបើកសាលាឡើងវិញ៖

យុវនិស្សិត មឿន លាងអេង ជានិស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ថ្នាក់អាហារូបករណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការរៀបរាប់ថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងបំផុត ប្រសិនបើសាលារៀនបើកឡើងវិញក្នុងពេលឆាប់ៗនេះ ព្រោះថាសិស្ស និស្សិត មានស្មារតីក្នុងការសិក្សារបស់ពួកគេរឹងពឹងឡើងវិញ យកចិត្តទុកដាក់រៀនសូត្រទ្វេដង មិនមានសម្ពាធផ្លូវចិត្តច្រើន អាចពង្រឹងសមត្ថភាពខ្លួនបានដោយពិតប្រាកដ។ ប៉ុន្តែទោះជាយ៉ាងណាក៏យើងទាំងអស់គ្នាមិនត្រូវភ្លេចដែរថា ដោយសារតែជំងឺកូវីដ១៩នេះហើយដែលធ្វើឱ្យពួកយើងធ្លាក់ក្នុងស្ថានភាពមួយនេះ។ ដូច្នេះប្រសិនបើមានការបើកសាលារៀនឡើងវិញពិតមែននោះ ពួកយើងក៏មិនត្រូវប្រហែសភ្លេចការពារខ្លួន ពីវីរុសដ៏កាចសាហាវមួយនេះដោយវិធីបីកុំបីការពារទាំងអស់គ្នានោះឡើយ។»

យុវនិស្សិត មឿន លាងអេង

ក្រឡេកទៅស្ដាប់យុវនិស្សិត ចាន់ ឡូយ ម្ដងវិញ លោកជានិស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ថ្នាក់អាហារូបករណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដូចកញ្ញាខាងលើដែរ លោកបានបង្ហាញថា៖ «ពេលដែលបើកសាលារៀនឡើងវិញខ្ញុំមានសេចក្ដីសោមនស្សជាពន់ពេក ដែលបានជួបលោកគ្រូអ្នកគ្រូ និងមិត្តភក្តិទាំងអស់គ្នាឡើងវិញ។ តែយើងក៏ត្រូវចូលរួមការពារសុខភាពជាចម្បងនៃវិធានការរបស់រាជរដ្ឋាភិបាល៣កុំ និង៣ការពារទាំងអស់គ្នា ហើយត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីចៀសផុតពីជំងឺ Covid-១៩ ដ៏កាចសាហាវនេះ។»

យុវនិស្សិត ចាន់ ឡូយ

បង្វែរអារម្មណ៍លោកអ្នកមកចួបជាមួយយុវនិស្សិត យ៉ាំង ស្រីហៀប វិញម្ដងជានិស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ថ្នាក់អាហារូបករណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការរៀបរាប់ថា៖ «ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងដោយសារតែពួកខ្ញុំអាចចូលរៀននៅសាលាផ្ទាល់វិញនឹងធ្វើឱ្យខ្ញុំអាចពង្រឹងខ្លួនឯងឱ្យយកចិត្តទុកដាក់លើការសិក្សាជាងមុន ព្រោះបានរៀនផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ មានចម្ងល់និងសំណួរអាចជួបពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូផ្ទាល់។ លើសពីនេះទៅទៀត អាចទៅស្រាវជ្រាវសៀវភៅនៅបណ្ណាល័យទាក់ទងនឹងការសិក្សា និងកិច្ចការសាលាផ្សេងៗ រួមទាំងបានពិភាក្សាជាក្រុមជាមួយមិត្តភក្តិផ្ទាល់ដោយប្តូរមតិគ្នាទៅវិញទៅមកក្នុងការធ្វើកិច្ចការក្រុម។ ជាងនេះទៅទៀតថែមទាំងបានបង្កើតភាពស្និទ្ធស្នាលជាមួយមិត្តភក្តិ និងមិត្តរួមថ្នាក់ឡើងវិញផងដែរ។»

យុវនិស្សិត យ៉ាំង ស្រីហៀប

ជាចុងក្រោយយើងខ្ញុំសង្ឃឹមថា គ្រប់គ្រឹះស្ថានសិក្សានៅក្នុងប្រទេសកម្ពុជានឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះគ្រប់កម្រិតសិក្សាទាំងអស់។ ជាពិសេសនោះសិស្ស និស្សិតគួរតែចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ៗគ្នា។ លើសពីនេះទៅទៀតត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជានោះគឺ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ព្រោះថាយើងអាចភ្លេចខ្លួន តែមេរោគពុំភ្លេចយើងទេ៕

រូបភាព៖ MoEYS Cambodia