តើយើងត្រូវត្រៀមខ្លួនដូចម្ដេចខ្លះដើម្បីអាចក្លាយជាបេក្ខភាពអាហារូបករណ៍?
ដោយ៖ សន ស្រីពេជ្រ
ការបន្តសិក្សានៅបរទេសជាក្ដីស្រមៃរបស់សិស្ស និស្សិតគ្រប់រូប។ បច្ចុប្បន្ន ដើម្បីលើកកម្ពស់វិស័យអប់រំរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំនៅតាមសាកលវិទ្យាល័យ បានបង្កើតឱ្យមានកម្មវិធីអាហារូបករណ៍ជាច្រើនប្រភេទ ដើម្បីឱ្យនិស្សិតមានឱកាសបន្តការសិក្សា និងពង្រឹងសមត្ថភាពរបស់ខ្លួននៅតាមមហាវិទ្យាល័យទាំងក្នុងនិងក្រៅប្រទេស។ យ៉ាងណាមិញអាហារូបករណ៍ទាំងនោះក៏តម្រូវឱ្យនិស្សិតបំពេញនូវលក្ខខណ្ឌមួយចំនួនផងដែរ។
យុវនិស្សិត ទ្រី ស្រីលក្ខ ជាអតីតនិស្សិតផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យភាសាបរទេសតូក្យូ ប្រទេសជប៉ុន។ បច្ចុប្បន្នជានិស្សិតអក្សរសាស្ត្រខ្មែរឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងជាContent Creator នៅក្នុងក្រុមហ៊ុនមួយ និងជាអ្នកនិពន្ធឯករាជ្យផងដែរ។ កញ្ញាបានធ្វើការរៀបរាប់ថា៖ ដើម្បីត្រៀមខ្លួនឱ្យក្លាយជាបេក្ខភាពអាហារូបករណ៍យើងត្រូវ៖
១- ស្វែងយល់ពីប្រភេទអាហារូបករណ៍ដែលយើងចង់ដាក់ ថាតើគេទាមទារអ្វីខ្លះ? ការប្រឡងមានប៉ុន្មានដំណាក់កាល ឬក៏គ្មានការប្រឡង? គេផ្ដល់ការឧបត្ថម្ភទៅលើអ្វីខ្លះ? ពេលដែលយើងយល់ច្បាស់ពីប្រភេទអាហារូបករណ៍នោះ យើងនឹងដឹងថាយើងមានអ្វីខ្វះ ហើយត្រូវធ្វើបែបណាដើម្បីបំពេញនូវកង្វះខាតរបស់ខ្លួនឯង។
២- ព្យាយាមរៀនដើម្បីទទួលបានពិន្ទុ ឬ GPA ឱ្យបានខ្ពស់។ GPA គឺសំខាន់ណាស់សម្រាប់អ្នកដែលមានបំណងចង់ដាក់អាហារូបករណ៍ ដ្បិតលក្ខខណ្ឌដាក់ពាក្យអាហារូបករណ៍ភាគច្រើនគឺតម្រូវឱ្យមានកម្រិត GPA ខ្ពស់។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ផងដែរថា កម្រិត GPA អាចស្ថិតក្នុងលក្ខខណ្ឌដាក់ពាក្យ ប៉ុន្តែវាមិនមានឥទ្ធិពលខ្លាំងលើដំណើរការជ្រើសរើសទេ ដូច្នេះខ្ញុំលើកទឹកចិត្តឱ្យនិស្សិតឬសិស្សានុសិស្សក្លាហានក្នុងការដាក់ពាក្យប្រកួតប្រជែងយកអាហារូបករណ៍ បើទោះបីជាមានពិន្ទុ ឬGPA ទាបក៏ដោយ។
៣- ខំហ្វឹកហាត់ភាសាបរទេសឱ្យបានប្រសើរ អាហារូបករណ៍ភាគច្រើន ជាពិសេសអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសតែងទាមទារឱ្យបេក្ខជនមានចំណេះដឹងភាសាបរទេសក្នុងកម្រិតមួយដែលអាចនិយាយ សរសេរ និងស្ដាប់បាន ដូច្នេះគប្បីពង្រឹងសមត្ថភាពភាសាបរទេសឱ្យបានល្អមុនពេលដាក់ពាក្យអាហារូបករណ៍។
៤- ស្វែងរកទំនាក់ទំនងជាមួយសិស្សច្បង ឬអ្នកដែលធ្លាប់ដាក់ពាក្យអាហាហារូបករណ៍ណាមួយដែលយើងចាប់អារម្មណ៍ដើម្បីសួរពីបទពិសោធផ្សេងៗ។
៥- តាមដានព័ត៌មានឱ្យបានញឹកញាប់ ការដែលមិនដឹងព័ត៌មាន គឺស្មើនឹងបរាជ័យដោយស្វ័យប្រវត្តិ ទោះបីជាយើងមានសមត្ថភាពខ្ពស់យ៉ាងណាក៏ដោយ។
ខាងលើនេះ ជាបទពិសោធន៍របស់យុវនិស្សិតដែលទទួលបានអាហាររូបករណ៍នៅសាកលវិទ្យាល័យភាសាបរទេសតូក្យូ ប្រទេសជប៉ុនកន្លងមកនេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គន្លឹះខ្លះៗខាងលើនេះនឹងអាចជួយជាគំនិតខ្លះៗសម្រាប់ សិស្ស និស្សិតដែលមានបំណងចង់បន្តការសិក្សានៅឯបរទេស។ ការពឹងផ្អែកលើបទពិសោធន៍អ្នកដទៃវានៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ អ្នកត្រូវមានការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីទទួលបាននូវអាហាររូបករណ៍ដូចការរំពឹងទុក។